ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិនបើករថយន្តស៊េរីទំនើបបុករះម៉ូតូកង់បី៤គ្រឿង និងទ្វារផ្ទះប្រជាពលរដ្ឋរងរបួសធ្ងន់២នាក់

ចែករំលែក៖

ភ្នំពេញ៖ រថយន្តស៊េរីទំនើប ម៉ាក BENTLEY FLYING SPUR បើកបរដោយបុរសជនជាតិចិននិងមានស្ត្រីម្នាក់ជាជនជាតិដូចគ្នារួមដំណើរផង បានបើកក្នុងល្បឿនលឿនជ្រុលចង្កូតទៅបុករះរុឺម៉កម៉ូតូកង់បីដែលចតនៅមុខផ្ទះបងប្អូនប្រជាពលរដ្ឋ បណ្ដាលឱ្យខូចខាតទ្វារផ្ទះនិងរុឺម៉កម៉ូតូកង់បី  បណ្តាលឱ្យមនុស្ស២នាក់រងរបួស។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០៨ព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២២ ស្ថិតនៅចំណុចមុខផ្សាររាត្រី តាមបណ្ដោយផ្លូវព្រះស៉ីសុវត្ថិ ក្នុងមូលដ្ឋានសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញមានបុរសនិងស្រ្តីជនជាតិចិនបានធ្វើដំណើរដោយរថយន្តស៊េរីទំនើបម៉ាក BENTLEY FLYING SPUR ពណ៌ខ្មៅ ពាក់ស្លាកលេខ មណ្ឌលគិរី 2B-8889 បើកបរតាមបណ្តោយផ្លូវព្រះស៉ីសុវត្ថិ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចមុខផ្សាររាត្រី បានរ៉េចង្កូតទៅបុករះរុឺម៉កម៉ូតូចំនួនបីគ្រឿងដែលចតនៅមុខផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យរងការខូចខាតទាំងរុឺម៉កម៉ូតូកង់បី និងទ្វារផ្ទះបងប្អូនប្រជាពលរដ្ឋ បណ្ដាលឲ្យមានមនុស្សរងរបួសស្រាល២នាក់។ 

លោក វរសេនីយ៍ត្រី ញ៉ែត សំអាត នាយប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ បានបញ្ជាក់ឱ្យដឹងផងដែរថា ក្នុងករណីនេះបុរសនិងស្រ្តីជនជាតិចិនទាំង០២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ បន្ទាប់ពីកើតហេតុ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ច មូលដ្ឋាន រួមកម្លាំងសមត្ថកិច្ចជំនាញបានចុះដល់ទីតាំងកើតហេតុ និងទំនាក់ទំនងនគរបាលជំនាញចុះមកធ្វើការវាស់វែង ស្ទូចយករថយន្ត រុឺម៉កម៉ូតូកង់បីទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរងចាំដោះស្រាយសំណងតាមផ្លូវច្បាប់៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖