ខេត្តព្រះសីហនុ ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំបូកសរុបការងារដែលនៅសេសសល់ និងពិនិត្យទីតាំងជាក់ស្តែងសម្រាប់រៀបចំវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ (ATF 2022) នៅខេត្តព្រះសីហនុ ដើម្បីត្រៀមលក្ខណៈសម្រាប់ទទូលប្រតិភូអន្តរជាតិ ថ្នាក់រដ្ឋមន្រ្តី និងមន្រ្តីជាន់ខ្ពស់។
កិច្ចប្រជុំនិងពិនិត្យទីតាំងជាក់ស្តែងសម្រាប់ការរៀបចំវេទិកាទេសចរណ៍អាស៊ាននេះ ធ្វើឡើងនាថ្ងៃទី០២ ខែមករា ឆ្នាំ២០២២ នៅសណ្ឋាគារឆ្នេរសុខា ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីមន្ត្រីរាជការនៃក្រសួងទេសចរណ៍ កម្លាំងសមត្ថកិច្ច និងក្រុមការងារជំនាញពាក់ព័ន្ធ ព្រមទាំងក្រុមការងារនៃរដ្ឋបាលខេត្តព្រះសីហនុ។
គួរជម្រាបថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ដែលនឹងត្រូវរៀបចំចាប់ពីថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
អង្គប្រជុំបានបញ្ជាក់ថា ការងារត្រៀមរៀបចំ ATF 2022 នេះសម្រេចបានប្រមាណ៩០%ហើយ ដោយការរៀបចំទីតាំងសម្រាប់ពិព័រណ៍ទេសចរណ៍ (ស្តង់) កម្មវិធីបើក កម្មវិធីបិទ និងកម្មវិធីពាក់ព័ន្ធផ្សេងៗ ត្រូវបានកំណត់ និងរៀបចំឡើងជាបណ្តើរៗស្របតាមវិធានសុវត្ថិភាព។ លើសពីនេះទៀត រហូតមកដល់ពេលនេះមានការបញ្ជាក់ពីការចូលរួមដោយផ្ទាល់ពីរដ្ឋមន្រ្តីទេសចរណ៍ឣាស៊ានទាំងអស់ និងមន្រ្តីជាន់ខ្ពស់ពីប្រទេសសមាជិកអាស៊ានទាំង១០ ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានា ក្នុងនោះប្រតិភូអន្តរជាតិចូលរួមកិច្ចប្រជុំមានចំនួន១១៤រូប ហើយសម្រាប់ការតាំងពិព័រណ៌ទេសចរណ៍ (TRAVEX) មានអ្នកលក់ (Sellers)សរុបចំនួន១៨៧ស្តង់ អ្នកទិញ (Buyers) ចំនួន១០៧ក្រុមហ៊ុន មកពី៣៥ប្រទេស ក្នុងនោះឣ្នកទិញអន្តរជាតិ (International Buyers) ចំនួន១០០ក្រុមហ៊ុន និងក្នុងស្រុក (Local Buyers) ចំនួន៧ក្រុមហ៊ុន។
លោករដ្ឋមន្ត្រី បានលើកឡើងថា ដោយមានការគាំទ្រយ៉ាងមុតមាំពីប្រទេសសមាជិកអាស៊ានទាំងអស់ អាស៊ានបូក និងផ្នែកឯកជន ដែលទទួលបានការចុះឈ្មោះ និងការបញ្ជាក់ពីការចូលរួមលើសពីការរំពឹងទុកក្នុងអំឡុងពេលនៃវិបត្តិជំងឺកូវីដ-១៩ ដែលបន្តមាននៅឡើយ លោក ថោង ខុន បានណែនាំ និងផ្តល់អនុសាសន៍ដល់ក្រុមការងារជំនាញពាក់ព័ន្ធត្រូវសហការជាមួយអាជ្ញាធរពាក់ព័ន្ធនៃខេត្តព្រះសីហនុ ដើម្បីធានាឲ្យបាននូវការរៀបចំកិច្ចប្រជុំ និងសកម្មភាពនានានៃព្រឹត្តការណ៍អន្តរជាតិនេះប្រកបដោយសុវត្ថិភាពស្របតាមនីតិវិធីស្តង់ដា (SOP) របស់ក្រសួងសុខាភិបាល និងនីតិវិធីស្តង់ដាតាមគោលដៅទេសចរណ៍ (SOP) របស់រដ្ឋបាលខេត្តព្រះសីហនុ។
លោករដ្ឋមន្ត្រី បានបន្តថា ឣំឡុងពេលនៃវេទិកាទេសចរណ៍អាស៊ាននេះ ក្រៅពីកិច្ចប្រជុំរបស់ស្ថាប័នទេសចរណ៍ថ្នាក់ជាតិ (National Tourism Oganizationa) កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន (ASEAN Tourism Ministers Meetings) កិច្ចប្រជុំអាស៊ានបូកបី (ជប៉ុន កូរ៉េខាងត្បូង និងចិន) កិច្ចប្រជុំអាស៊ានបូកមួយ (អាស៊ាន-ឥណ្ឌា) កិច្ចប្រជុំអាស៊ាន-រុស្ស៉ី កិច្ចប្រជុំជាមួយអង្គការដៃគូរពាក់ព័ន្ធ ព្រមទាំងកិច្ចប្រជុំជាមួយផ្នែកឯកជន (ASEANTA Meetings) និងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ (TRAVEX) ក៏នឹងមានកម្មវិធីដាំដើមឈើនៃការចងចាំការចូលចតនៃនាវាទេសចរណ៍ MS Westerdam កម្មវិធីវាយកូនគោលរដ្ឋមន្រ្តីទេសចរណ៍អាស៊ាន (ASEAN Ministers’ Golf Tournament) និងដំណើរទស្សនកិច្ចទៅកាន់កោះនានាផងដែរ (Island Tour) ដែលជាការបោះជំហានដ៏ធំបង្ហាញពីការត្រៀមរួចរាល់របស់កម្ពុជា និងអាស៊ានទាំងមូលក្នុងការបើកទេសចរណ៍អន្តរជាតិឡើងវិញ។
លោក គួច ចំរើន បានទទួលនូវអនុសាសន៍របស់ លោករដ្ឋមន្ត្រី និងអង្គប្រជុំ នឹងបានចាត់ឱ្យអភិបាលរងខេត្ត លោក ម៉ាង ស៉ីណេត រៀបចំការងារការពារសុវត្ថិភាពសុខាភិបាលជូនគណៈប្រតិភូមកពីបណ្ដាប្រទេសសមាជិកអាស៊ានទាំងពេលមកដល់ និងពេលត្រលប់ទៅវិញ។
លោកអភិបាលខេត្តក៏នឹងពិនិត្យលើការជំរុញការចាក់វ៉ាក់សាំងដូសទី៣ជូនក្រុមការងារ បុគ្គលិកដែលចូលរួមរៀបចំការងារក្នុងព្រឹត្តិការណ៍ ATF តាមបណ្ដាគោលដៅរៀបចំកម្មវិធី និងនៅក្នុងសណ្ឋាគារឆ្នេរសុខាផងដែរ។
បន្ទាប់ពីកិច្ចប្រជុំត្រួតពិនិត្យការងារ អង្គប្រជុំទាំងមូលក៏បានត្រួតពិនិត្យនៅតាមទីតាំងសំខាន់ៗមួយចំនួនក្នុងបរិវេណសណ្ឋាគារសុខា។ នាពេលនោះ លោក គួច ចំរើន បានបញ្ជាក់ថា រដ្ឋបាលខេត្តបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ទទួលបដិសណ្ឋារកិច្ចប្រតិភូទាំងអស់ និងបានណែនាំដល់កម្លាំងសមត្ថកិច្ចពាក់ព័ន្ធរៀបចំកម្លាំងតាមគោលដៅ សំដៅធានាឲ្យបាននូវសុខសុវត្ថិភាពជូនប្រតិភូទាំងអស់។ លើសពីនេះ រដ្ឋបាលខេត្តព្រះសីហនុនឹងជួយគាំទ្រជ្រោមជ្រែងដល់ការរៀបចំព្រឹត្តិការណ៍នេះ ប្រកបដោយការទទួលខុសត្រូវ។
លោក រដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ទៀតថា រដ្ឋមន្ត្រីទេសចរណ៍អាស៊ាននឹងយកឱកាសនេះប្រកាសបើកទេសចរណ៍ក្នុងតំបន់របស់ខ្លួនឡើងវិញចេញពីប្រទេសកម្ពុជាតែម្ដង។
គួរបញ្ជាក់ថា វេទិកាទេសចរណ៍អាស៊ានលើកទី៤០ នាខែមករា ឆ្នាំ២០២២ ខាងលើនេះ មានការចូលរួមពីសំណាក់រដ្ឋមន្ត្រីទេសចរណ៍នៃប្រទេសចំនួន៩ កម្ពុជា ថៃ ឡាវ មីយ៉ាន់ម៉ា សិង្ហបុរី ម៉ាឡេស៉ី ឥណ្ឌូណេស៉ី ព្រុយណេ និងហ្វីលីពីន ចំណែកប្រទេសវៀតណាម គឺចូលរួមដោយអនុរដ្ឋមន្ត្រីទេសចរណ៍ ក្នុងនាមតំណាងរដ្ឋមន្ត្រីទេសចរណ៍របស់ខ្លួន៕
ដោយ ៖ សិលា