ព័ត៌មានទាន់ហេតុការណ៍៖

ឳពុកចុងយកកាំបិតផ្គាក់កាប់កូនចុង ដាច់ ក និងដាច់ដៃស្តាំ រួចផឹកថ្នាំពុល និងយកខ្សែមកចង.កសម្លាប់ខ្លួនតាមក្រោយ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ឳពុកចុងបានយកកាំបិតផ្គាក់ កាប់ប្រហារទៅលើកូនចុងរបស់ខ្លួន រហូតដល់ដាច់ក្បាល និង ដាច់ដៃ រួចជនសង្ស័យបានធ្វើអត្តឃាតសម្លាប់ខ្លួនឯងតាមក្រោយ ។ 

ហេតុការណ៍នេះបានកើតឡើងកាលនៅចន្លោះម៉ោងប្រមាណ៦និង៣០នាទី និង ៧ ព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២២ នៅភូមិ ធ្លកយល់ ឃុំ តាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ  ណាង ស្រីលាភ ភេទស្រី អាយុ ១៤ឆ្នាំ ចំណែកឳពុកដែលជាជនដៃដល់ មានឈ្មោះច្រឹង ផល្លី ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើបានធ្វើអត្តឃាតសម្លាប់ខ្លួនបន្ទាប់ពីកាប់ទៅលើកូនស្រីចុងរបស់ខ្លួន  ។

ចំណែកផ្ទះកន្លែងកើតហេតុសមត្ថកិច្ចកំពុងតែព័ទ្ធខ្សែ ធ្វើការស្រាវជ្រាវ ករណីឃាតកម្មនេះ សមត្ថកិច្ចនៅពុំទាន់បញ្ជាក់អំពីរឿងហេតុពិតប្រាកដនៃករណីនេះនៅឡើយទេ ដោយសារពេលនេះ សមត្ថកិច្ចកំពុងប្រមូលវត្ថុតាង ដើម្បីរកមូលហេតុពិតប្រាកដនៃករណីឃាតកម្មនេះ ។ 

អធិការនគបាលស្រុកកំពង់ត្រឡាចបានប្រាប់ឱ្យដឹងទៀតថាករណីខាងលើនេះសមត្ថកិច្ចកំពុងធ្វើការសន្និដ្ឋានជាលើកដំបូងថា គឺអាចកើតចេញពីការប៉ុនប៉ងចាប់រំលោភ កូនចុងខ្លួនឯង ដោយសារលើសាកសពក្មេងស្រីជនរងគ្រោះមានសល់ ខោអាវក្នុងលើដងខ្លួន ពេលនេះសមត្ថកិច្ចជំនាញកំពុងធ្វើការសិក្សាស្រាវជ្រាវបន្ថែមទៀត ។

បច្ចុប្បន្នសាកសពជនគ្រោះនិងជនសង្ស័យ ត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណីផងដែរ៕

ដោយ ៖ ចន្ថា


ចែករំលែក៖