ព័ត៌មានទាន់ហេតុការណ៍៖

ការប្រើឧបករណ៍ឆក់ត្រីជាទង្វើខុសច្បាប់ និងគ្រោះថ្នាក់បំផុតដល់អាយុជីវិត កុំធ្វើតាមឃ្លានកុំហ៊ានតាមចង់ តែមួយប៉ប្រិចភ្នែកស្លាប់បាត់បង់ជីវិតទៅដោយមិនបានលា…

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ ដោយសារតែការធ្វេសប្រហែស មិនគោរពតាមច្បាប់នៅតែប្រើឧបករណ៍ខុសច្បាប់ឆក់ត្រីធ្វើឱ្យបុរសម្នាក់ប្រកាច់ស្លាប់ភ្លាមៗគ្មានអ្នកណាដឹងព្រោះតែលួចឆក់ត្រីហើយភ្លាត់ស្នៀតឆក់ខ្លួនឯងស្លាប់គ្មានអ្នកណាដឹង។ ហេតុការណ៍នេះកើតឡើងនៅយប់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ស្ថិតក្នុងភូមិស្រែតាប៉ាន ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។

បើតាមរបាយការណ៍របស់អធិការដ្ឋានស្រុកសេសាន បានឱ្យដឹងថា: កម្លាំងជំនាញនៃអធិការដ្ឋាននគបាលស្រុកសេសាន បានសហការជាមួយគ្រូពេទ្យមណ្ឌលសុខភាពកំភុន ប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំសាមឃួយ ជំទប់ទី២ឃុំសាមឃួយ លោកមេភូមិស្រែតាប៉ាន បានចុះពិនិត្យសាកសព ដោយទទួលបាន ការអនុញ្ញាតពីលោកជា សុភ័ក្រ្ត ព្រះរាជអាជ្ញារងអមសាលាដំបូងនៅវេលាម៉ោង១០:៣៨នាទីថ្ងៃទី២ខែមករា បានអនុញ្ញាតឱ្យពិនិត្យសាកសពជនរងគ្រោះខាងលើ។

 -ការពិនិត្យសពដោយភ្នែកទទេ ពេលថ្ងៃមេឃស្រឡះល្អ

 -សពមានការប្រែប្រួលពីសភាពដើម ដោយបងប្អូនស្រង់មកតម្កល់លើផ្ទ។  សពមានសភាពរឹង  រាល់សរីរាង្គនៃសពពុំមានស្លាកស្នាមមុតដាច់ដោចនោះទេ ក្បាល ធ្មេញ អណ្ដាត ច្រមុះ ត្រចៀក ភ្នែក នៅល្អទាំងអស់ ហើយមានស្នាមឆេះត្រង់ចំណុចគល់ចង្កេះខាងស្ដាំ  មានស្នាមឆេះរបកត្រង់កំភួនដៃស្ដាំ និងឆេះរបកត្រង់កដៃស្ដាំជាស្នាមឆក់ដោយចរន្តភ្លើងអាគុយ។ បើតាមការបំភ្លឺរបស់ឈ្មោះសុខ ថែ ភេទប្រុស អាយុ៣៣ឆ្នាំ ត្រូវជាបងប្រុសបង្កើតរបស់សពបានបញ្ចាក់ថា កាលពីវេលាល្ងាចថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ នៅចំណុចចម្ការដូង ភូមិស្ដៅ១ ឃុំស្ដៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង ពួកគេបានហូបបាយជុំគ្នាជាមួយក្រុមគ្រួសារនៅចម្ការ។ លុះដល់ដល់ម៉ោង២០ ប្អូនឈ្មោះ សុខ ហូត បានប្រាប់ថាទៅដោតនុយសន្ទូច គាត់ក៏បានចូលដេកទៅ។ រហូតដល់ម៉ោង២រំលងអធ្រាត្រ គាត់បានក្រោកឡើង ម៉ែបានដើរមកប្រាប់ថាមិនឃើញប្អូនមកវិញទេ គេក៏បានចុះទូកទៅមើលសន្ទូចនិងតាមរកប្អូនមិនឃើញ រហូតដល់ម៉ោង០៤ទៀបភ្លឺ ថ្ងៃទី០២ ខែមករា ឆ្នាំ២០២២ ក៏បានឃើញពន្លឺភ្លើងគោមភ្លឺបញ្ចាំងឡើងលើ ក៏បានបើកទូកទៅមើល ឃើញប្អូនឈ្មោះសុខ ហូត បានដេកស្លាប់នៅជាប់ច្រាំងទន្លេចំណុចថ្មដា ស្ថិតក្នុងភូមិឃុំស្ដៅ ដោយអាគុយនិងក្បាលឆក់នៅលើទូក ចំណែកដងឆក់ត្រូវបានកៀបជាប់នឹងក្លៀកខាងស្ដាំ ជើងទាំងសងខាងនៅក្នុងទឹក ដងខ្លួនដេកផ្ងារ នៅលើគោកច្រាំងទន្លេ រួចក៏បានដកយកភ្លើងអាគុយចេញ ហើយលើកដាក់លើទូក ដោយមានការភ័យខ្លាច អាគុយ និងក្បាលឆក់ត្រូវបានបោះចោលក្នុងទឹកទន្លេបាត់ទៅ ហើយដឹកសពប្អូនមកភូមិស្រែតាប៉ានវិញ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ច អាជ្ញាធរ គ្រូពេទ្យជំនាញ ក្រោយការត្រួតពិនិត្យសាកសព និងយោបល់លោកគ្រូពេទ្យ ថង សំបូរ គឺសាកសពបានស្លាប់ដោយសារចរន្ដភ្លើងអាគុយឆក់ស្លាប់(បណ្ដាលមកពីការធ្វេសប្រហែស) គ្មានពាក់ព័ន្ធនឹងបទល្មើសអ្វីទេ។ 

ដោយទទួលបានការអនុញ្ញាតពីលោកព្រះរាជអាជ្ញារង នៅវេលាម៉ោង១១៖៣៧នាទីថ្ងៃដដែលបានអនុញ្ញាតឱ្យសមត្ថកិច្ចនិងមន្ត្រីជំនាញប្រគល់សាកសពជូនទៅក្រុមគ្រួសារ និងសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា៕

ដោយ៖មាស សុផាត


ចែករំលែក៖