ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀនបង្ហាញមុខជនសង្ស័យម្នាក់និងគ្រឿងញៀនជិត២៤គីឡូក្រាមដែលបង្ក្រាបនៅរាជធានីភ្នំពេញមុនបញ្ជូនទៅតុលាការ

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២នេះសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃបានធ្វើការបង្ហាញមុខជនសង្ស័យដែលជាប់ពាក់ព័ន្ធទៅនឹងករណីជួញដូរគ្រឿងញៀនជិត២៤គីឡូក្រាមដែលបង្រ្កាបនៅរាជធានីភ្នំពេញនាពេលកន្លងមក មុននឹងធ្វើការបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។

  គួររំលឹកថា នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១៦:៣០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក៥) ដោយមានការសម្របសម្រួលនីតិវិធីពីលោក អ៊ុំ សុភក្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សាន សុទ្ធី, លោកឧត្តមសេនីយ៍ត្រី គឹម តូ នាយករងមន្ទីរ, លោកវរសេនីយ៍ឯក ជាវ វណ្ណា នាយការិយាល័យ (ក៥) មានការសហការពីកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ និងបង្រ្កាបនៅចំណុចផ្លូវអូស៊ីអាយស៊ី រង្វង់មូលនាងមច្ឆា ជិតស្ពានបាឡេត៍ ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អ៊ូច លីន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិវៀតណាម សញ្ជាតិខ្មែរ ព្រមទាំងចាប់យកវត្ថុតាងបានរួមមាន គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE)សរុបមានទម្ងន់២៣ គីឡូក្រាម៧៣៨ក្រាម ។

បច្ចុប្បន្នជនសង្ស័យព្រមទាំងវត្ថុតាងចាប់យកខាងលើត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី ៕

ដោយ៖ ស សម


ចែករំលែក៖