ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុនសែន ព្រមានក្រុមហ៊ុនលីឈួង ដាក់ក្នុងបញ្ជីខ្មៅ រឿងឃុបឃិតជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិធ្វើការសាងសង់ ពុករលួយ !

ចែករំលែក៖

ខេត្តកោះកុង៖ នេះមិនមែនជារឿងធម្មតាទេ ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានធ្វើ ការព្រមានធ្ងន់ៗទៅកាន់ក្រុមហ៊ុន លី ឈួង ដែលកន្លងមក បានធ្វើការឃុបឃិតជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិ ទទួល គម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធនានា ធ្វើការសាងសង់មុន ទូទាត់ក្រោយ ដែលធ្វើឱ្យមានការជំពាក់បំណុលរាប់សិបឆ្នាំនោះ។ ចំណុចនេះជាសារបង្ហាញអោយឃើញថា, កន្លងទៅការរៀបចំលទ្ធកម្មដេញថ្លៃគម្រោងនីមួយៗ បង្កើតអោយមានអំពើពុករលួយ ទើបសំណង់បាត់បង់គុណភាព។ 

សម្តេចបានថ្លែងព្រមានធ្ងន់ៗ ពិធីបើកការដ្ឋាននៅស្រុកស្រែអំបិល ខេត្តកោះកុង នាព្រឹក ថ្ងៃទី៣ខែមករាឆ្នាំ២០២២នេះសម្តេចតេជោ ប្រមុខរាជ រដ្ឋាភិបាលកម្ពុជា បានព្រមានធ្ងន់ៗទៅកាន់ក្រុមហ៊ុន លីឈួង ក៏ដូចជាព្រមានទៅកាន់អាជ្ញាធរខេត្តឱ្យបញ្ឈប់ជាបន្ទាន់និង ដកលុបចោលគម្រោងទាំងឡាយដែលនៅសល់របស់ក្រុម ហ៊ុន លីឈួង មិនឱ្យបន្តឃុបឃិតជាមួយគ្នាតទៅទៀត ។

សម្តេចតេជោ ហ៊ុនសែន បានគូសបញ្ជាក់ថា បើខេត្តណាហ៊ានឃុបឃិតត្រូវរក ថវិកាទូទាត់ខ្លួនឯង ។ សម្តេចបានស្ដីបន្ទោសថា បណ្តាខេត្តដែលពាក់ព័ន្ធឱ្យក្រុមហ៊ុនមួយនេះ ធ្វើការសាងសង់សំណង់ នានា នៅក្នុងខេត្តរបស់ខ្លួនដែលជាការឃុបឃិត មិនឱ្យរាជ រដ្ឋាភិបាលដឹងនោះ ប្រៀបបានដូចជាការបង្កើតរដ្ឋក្នុងរដ្ឋ ដូច្នេះ សម្ដេចបានព្រមានធ្ងន់ៗទៅអាជ្ញាធរខេត្តឱ្យបញ្ឈប់ជាបន្ទាន់ ហើយក្រុមហ៊ុនលីឈួង អាចនឹងដាក់ចូលទៅក្នុងបញ្ជីខ្មៅ ប្រសិនមិនបញ្ឈប់ជាបន្ទាន់នោះទេ។ការព្រមានបែបនេះ ក្នុង គោលបំណងជំរុញកំណែទម្រង់នៃការគ្រប់គ្រងហិរញ្ញវត្ថុសា ធារណៈនិងអនុវត្តដោយម៉ឺងម៉ាត់នូវច្បាប់ស្តីពីបទបញ្ជា និងការ ប្រើប្រាស់ថវិកា។

សម្ដេចតេជោ ហ៊ុនសែន បានបង្ហាញការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលបានឃើញបញ្ជី បណ្តាខេត្តជំពាក់លុយក្រុមហ៊ុន លី ឈួង យ៉ាងច្រើន តាមរយៈអាជ្ញាធរថ្នាក់ក្រោមជាតិបានឃុបឃិតមិនឱ្យសម្ដេចដឹង ពីការចាប់យកដៃគូក្រុមហ៊ុន លីឈួង ធ្វើការកសាងសំណង់ នានានៅក្នុងដែនដីរបស់ខ្លួនតាមបែបធ្វើមុនទូទាត់ក្រោយ។

សូមបញ្ជាក់ថា, អាចអង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេតស្រាវជ្រាវ តើអាជ្ញាធរខេត្តណាមួយ ឃុបឃិតជាមួយក្រមហ៊ុន លី ឈួង ធ្វើសំណង់មុន រួចទូទាត់ប្រាក់ជាក្រោយ ហើយលេងបំបាត់ថវិកាជាតិ តាមរយៈការបំប៉ោងតម្លៃដល់កម្រិតណា ? 

សម្តេចតេជោ ហ៊ុនសែន បានបង្ហាញការហួសចិត្តជាខ្លាំង ដែលបណ្តាខេត្ត បានឃុបឃិតគ្នាជាមួយក្រុមហ៊ុន លី ឈួង ធ្វើការសាងសង់មុន ទើបទូទាត់តាមក្រោយបែបនេះ សម្ដេចបានព្រមានធ្ងន់ៗថា៖បើចៅហ្វាយខេត្តណាហ៊ានធ្វើតទៅទៀត ចៅហ្វាយខេត្តនោះត្រូវ ទទួលខុសត្រូវចំពោះមុខរាជរដ្ឋាភិបាល។

សូមជម្រាបផងដែរថា, ក្រុមហ៊ុន លីឈួង មួយនេះល្បីយូរហើយ ដែលគេយល់ឃើញថា, ភាគច្រើនយកគម្រោងថ្នាក់ក្រោមជាតិទៅសាងសង់ហើយពុំបានដេញថ្លៃ ជាប្រយោជន៍ចែកទឹកតែគ្នាស៊ី ហើយបំបាត់ថវិកាជាតិយ៉ាងធ្ងន់ធ្ងរ។ ថ្ងៃនេះសម្ដេចតេជោ ហ៊ុនសែន បានប្រើកណ្តាប់ដៃដែក ព្រមានធ្ងន់ៗទៅលើក្រុមហ៊ុនជញ្ជក់ឈាមរដ្ឋ ក្នុងនោះតើចៅហ្វាយខេត្តរូបណាដែលបានប្រយោជន៍ពីក្រុមហ៊ុនខាងលើនេះកន្លងទៅ! 

ដោយ ៖ សុខ ខេមរា


ចែករំលែក៖