ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើករថយន្តស៊េរីទំនើបពាក់ស្លាកលេខ «កម្ពុជា OUFIEYOU» បុករះ ហើយគំរាមប្រើប្រាស់ហិង្សា រួចបើករថយន្តចេញទៅយ៉ាងគឃ្លើន

ចែករំលែក៖

      ភ្នំពេញ៖ ស្នូរសំឡេងលាន់ឮដូចផ្ទុះគ្រាប់បែកបានធ្វើឱ្យមានការភ្ញាក់ផ្អើលទាំងកណ្តាលអធ្រាត្រ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយបុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាក Lexus RX200T ពាក់ស្លាកលេខ «កម្ពុជា OUFIEYOU» ក្នុងស្ថានភាពស្រវឹងទៅបុករះរថយន្តដែលកំពុងចតចោលចំនួន២គ្រឿង រួចចុះមកស្រែកឡូឡា ហើយគំរាមប្រើហិង្សាលើម្ចាស់រថយន្តរងគ្រោះទៀត ទើបបើកចេញពីកន្លែងកើតហេតុយ៉ាងគឃ្លើនដោយគ្មានដំណោះស្រាយអ្វីទាំងអស់។ 

   ហេតុការណ៍ខាងលើកើតឡើងនៅវេលាម៉ោង ០០និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ នៅមុខហាងស្រាក្រឡុកមួយកន្លែងស្ថិតក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ 

  នារីម្នាក់ដែលបានដឹងនៅក្នុងហេតុការណ៍នោះបានអះអាងថា រថយន្តម៉ាក Prius ទាំងពីរគ្រឿងគឺបានឈប់ចតចោលប្រហែល១០នាទីរួចមកហើយ ទើបត្រូវបានរថយន្ត Lexus RX200T ពាក់ស្លាកលេខ «កម្ពុជា OUFIEYOU» មកបុកតាមក្រោយ។

   ក្នុងវីដេអូដែលថតបានក្នុងពេលគ្រោះថ្នាក់កើតឡើងភ្លាមៗម្ចាស់រថយន្តដែលបង្កហេតុនេះបានចុះដើរសំដៅមករកម្ចាស់រថយន្តជាជនរងគ្រោះដោយបានស្រែកឡូឡាថា៖ «អ្ហែងបើកឡើងមកចតកន្លែងហ្នឹង! អ្ហែងបើកឡានមក ឡានអ្ហែងអត់ទាន់ឈប់កង់ទេ តែអ្ហែងបើកឡានចូលកន្លែងហ្នឹង។ អញប្រាប់អ្ហែងឱ្យច្បាស់ កុំភ្លើជាមួយអញ,  ឡានអញមានកាមេរ៉ាដែរតើ ម៉េចមកឡេឡឺអ៊ីចឹង? ភ្លើៗ ឥឡូវអ្ហែងចង់ម៉េចទៀត ចង់ម៉េច! អញនិយាយតាមត្រង់ អ្ហែងឈប់កណ្ដាលផ្លូវ ឥឡូវអ្ហែងចង់ម៉េចទៀត ឡានអញខូចប៉ុនណឹងដែរហើយអ្ហែងចង់ម៉េចទៀត អ្ហែងចង់ឱ្យអញឆែកកាមេរ៉ាមែន? ឥឡូវបើឆែកកាមេរ៉ាអ្ហែងចាំទៅខណ្ឌជាមួយអញក៏បានដែរ» ។ 

   ម្ចាស់រថយន្តដែលជាជនរងគ្រោះលោក ហែម ដារ៉ាវុឍ្ឍ ជាតន្ត្រីករស្លូតត្រង់ម្នាក់ បានឱ្យដឹងថា មុនពេលកើតហេតុលោកបានចូលហាងមួយកន្លែងដើម្បីហូបអាហារ ស្រាប់តែប្រហែលម៉ោង០០និង២០នាទី រំលងអធ្រាត្រ មានរថយន្តស៊េរីទំនើប ម៉ាក Lexus RX200T ពាក់ស្លាកលេខ «កម្ពុជា OUFIEYOU» បានបើកមកបុករះលើរថយន្ត២គ្រឿងដែលចតនៅចិញ្ចើមផ្លូវបណ្តាលឱ្យរងខូចខាតខ្ទេចរថយន្តមួយគ្រឿងធ្ងន់ធ្ងរ។ លោកបន្ថែមថា ក្រោយបុករះរួច ម្ចាស់ឡានម៉ាក Lexus RX200T បានហៅគ្នីគ្នាជាង១០នាក់មានទាំងឡាន មានទាំងម៉ូតូក្នុងន័យគំរាមដល់ម្ចាស់ឡានរងគ្រោះ ថែមទាំងគំរាមប្រើប្រាស់ហិង្សាថែមទៀតផង។ 

   លោកថា៖ «បុកហើយគាត់ចុះមកស្រែកឡូឡាម្នាក់ឯង ឡូឡាចង់រករឿងយើងរកវ៉ៃផងរកបាញ់ផង។ ខ្ញុំមានភស្ភុតាងនិងមានសាក្សីច្រើននៅកន្លែងកើតហេតុហ្នឹង។ រួចហើយគាត់ហៅគ្នាគាត់១ទៅ២ឡានទៀតមានម៉ូតូមានអីខ្លះ គ្នាគាត់យប់មិញជិត១០នាក់នោះមកសង្រ្គប់សម្លុតយើងតែម្ដង ហើយយើងអត់ទាន់មាត់ម៉ាម៉ាត់អីផងហ្នឹង» ។ 

លោក ហែម ដារ៉ាវុឍ្ឍ ទាមទារដល់ម្ចាស់ឡានបង្កខាងលើចូលខ្លូនមកដោះស្រាយខណៈឡានរបស់លោកត្រូវខូចខាតទ្វារខាងក្រោយផ្នែកខាងស្ដាំទាំងស្រុងដែលត្រូវការផ្លាស់ប្ដូរថ្មី។ 

   អធិការខណ្ឌឫស្សីកែវ លោក ហ៊ាង ថារ៉េត បានប្រាប់សារព័ត៌មាននគរវត្តថាលោកកំពុងស្រាវជ្រាវនិងចាត់ការរឿងនេះតាមនីតិវិធី។

   អង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន “នគរវត្ត ” នៅមិនទាន់អាចរកប្រភពពីម្ចាស់ឡានបង្កបាននៅឡើយទេ តែយើងនៅតែរង់ចាំការបកស្រាយមកកាន់ស្ថាប័នរបស់យើង៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖