ភ្នំពេញ៖ អំពើទុច្ចរិតពីក្រុមបំពុលសង្គម ត្រូវបានស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញបង្ហាញក្នុងសន្និសិទ្ធកាសែតនៅ ព្រឹកនេះ បង្ហាញពីរបាយការណ៍ហិរញ្ញវត្ថុដែលបញ្ជូនពីក្រៅ ប្រទេស សារសំឡេង និងផែនការច្បាស់លាស់ពីអង្គការ ក្រៅប្រទេសនិងក្នុងប្រទេសចំនួន៣ដែលរៀបចំឱ្យមាន បាតុកម្មមុខណាហ្គាវើលដ៍ ។
លោកឧត្តមសេនីយ៍ទោ ប៊ុន សុ សិក្ខា ស្នងការរងទទួលបន្ទុកផែនសន្តិសុខនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញបានថ្លែងថា ថវិកាជាច្រើនម៉ឺនដុល្លារដែលមាន របាយការណ៍ច្បាស់លាស់ត្រូវកម្លាំងសមត្ថកិច្ចរកឃើញថា អង្គការនិងអ្នកបញ្ជាពីក្រៅប្រទេសផ្ទេរទៅឱ្យកញ្ញា ឈឹម ស៊ីថរ ក្នុងការចិញ្ចឹមបាតុករនិងបន្តបាតុកម្មនៅ មុខណាហ្គាវើល។ លោកបញ្ជាក់ថាភស្តុតាងច្បាស់លាស់ ទាំងនេះហើយទើបអនុញ្ញាតដល់សមត្ថកិច្ចឃាត់ខ្លួនបាន នូវមេដឹកនាំបាតុកម្មជាបន្តបន្ទាប់ដើម្បីបញ្ជូនទៅ តុលាការតាមនីតិវិធី។
លោកស្នងការរងថា៖ « មេដឹកនាំ ឈឹម ស៊ីថរ គឺគាត់ថាមុននឹងគាត់ ចេញពីណាហ្គាវើលគឺគាត់កម្ទេចឆ្នាំងបាយឱ្យអស់។ ដែល មានន័យថាប្រសិនជាគាត់ចេញទៅណាហ្គាវើល មិនទទួលយកគាត់គឺគាត់កម្ទេចណាហ្គាវើលនេះជាពាក្យ ដែលគាត់និយាយនៅក្នុងគ្រុបរបស់គាត់។ ក្នុងគ្រុបគាត់ ដែលជាមេដឹកនាំមានតែ៦នាក់ទេ។ អញ្ជឹង មានន័យថាបុគ្គលិកណាហ្គាវើលជាង៨ពាន់នាក់ប្រសិន ជាគាត់ធ្វើការនេះបានតាមគម្រោងដែលគេ ដាក់មកគឺណាហ្គាវើលនឹងបិទ ហើយបុគ្គលិក៨ពាន់នាក់ នៅណាហ្គាវើលដ៍មានតែអត់ការងារធ្វើ។ ហើយនៅក្នុង គ្រុបនេះទាក់ទងនឹងរឿងអីរបស់គាត់ថាពេលបាន Transfer(លុយ) ហើយខ្ញុំលុបចោលហើយក្រែងល បែក។ អញ្ចឹងប្រសិនជាលុយហ្នឹងមិនមែនជាលុយខ្មៅ ជាលុយដែលពិតប្រាកដតើគាត់ចាំបាច់អីត្រូវ លាក់លៀមម្លេះ» ។
លោក ប៊ុន សុសិក្ខា បានបញ្ជាក់ថា ការរៀបចំបាតុកម្ម នៅមុខណាហ្គាវើលមានបណ្តាញនិងការបញ្ជាច្បាស់ លាស់ដែលមានក្រុមអ្នកធ្វើបាតុកម្ម និងក្រុមអ្នកបញ្ជាពី ខាងក្រៅ។ លោកបានជំរុញដល់អតីត បុគ្គលិកណាហ្គាវើលដ៍ដែលកំពុងធ្វើបាតុកម្មឱ្យបញ្ឈប់ សកម្មភាពបាតុកម្មនិងចូលរួមជាមួយក្រសួងការងារដើម្បី ស្វែងរកដំណោះស្រាយ។
ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ សេង ហៀង បានថ្លែងក្នុងសន្និសិទកាសែតនោះថា តាមរយៈការស៊ើបអង្កេតតុលាការបានរកឃើញថាការតវ៉ារបស់ អតីតកម្មករណាហ្គាវើលបានធ្វើឡើងក្រោមការរៀបចំ ច្បាស់លាស់ពីអ្នកនៅពីក្រោយក្នុងការបង្កើតចលាចល ដល់សន្តិសុខសង្គមកម្ពុជា។
លោកបានថ្លែងដោយលើកនូវឯកសារភស្តុតាងបង្ហាញ ដល់អ្នកកាសែតដោយនិយាយថា៖ «ជំនួយមានដល់ រាប់សិបម៉ឺនដុល្លារ សូមបងប្អូនអ្នកសារព័ត៌មាននិង សាធារណមតិសូមជ្រាប។ មិនមែនជារឿងតូចទេ! មាន រឿងអីអ្នកឯងបានទទួលលុយឧបត្ថម្ភពីក្រៅប្រទេសដែល ទទួល ដើម្បីធ្វើចលាចលនៅក្នុងប្រទេស។ តាមការវាយ តម្លៃរបស់អយ្យការមានភស្តុតាងគ្រប់គ្រាន់ ដើម្បីឱ្យ សមត្ថកិច្ចបញ្ជូនមកតុលាការដើម្បីបន្តនីតិវិធីតាមផ្លូវ ច្បាប់» ។
លោកបញ្ជាក់ថាបច្ចុប្បន្នមនុស្សចំនួន៦នាក់ដែលពាក់ព័ន្ធ នឹងការញុះញង់ឱ្យមានវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម មានឈ្មោះ ឈឹម សុខន, រី សុវណ្ណឌី, សុន ស្រីពេជ្រ, ហៃ សុភាព, ឃ្លាំង សុបិន្ត និង ទូច ស្រីមាស ត្រូវបាន បញ្ជូនទៅឃុំខ្លួន ខណៈតុលាការក៏ចេញដីការតាមចាប់ ខ្លួនមនុស្ស៣នាក់ទៀតដែលមានឈ្មោះ ឈឹម ស៊ីថរ ឈ្មោះ សុខ ណារិទ្ធ និង សុខ គង្គា។
រហូតមកដល់ថ្ងៃនេះឈានចូលដល់ថ្ងៃទី១៧ហើយដែល អតីតកម្មករក្រុមហ៊ុនណាហ្គាវើលបន្តធ្វើបាតុកម្មនៅសួន មុខណាហ្គាវើល ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បី ទាមទារឱ្យក្រុមហ៊ុនគោរពច្បាប់ការងារទទួលពួកគេចូលធ្វើការវិញ និងសងសំណងសមស្របជូនពួកគេ។ ទោះជា យ៉ាងណាជម្លោះរវាងក្រុមហ៊ុននិងកម្មករនិយោជិតនេះ ទោះបីមានការសម្របសម្រួលពីរដ្ឋបាលរាជធានីភ្នំពេញ និង ក្រសួងការងារយ៉ាងណាក្តីក៏មិនទាន់អាចស្វែងរកដំណោះ ស្រាយបាននៅឡើយទេ។
ស្នងការនគរបាលរាជធានីភ្នំពេញបានឱ្យដឹងថាកាលពី ម្សិលមិញនគរបាលរាជធានីភ្នំពេញបានឃាត់ខ្លួនមនុស្ស ចំនួន១៧នាក់ដែលពាក់ព័ន្ធនឹងការបាតុកម្មបន្ថែម ខណៈ នៅពេលនេះកំពុងសាកសួរនៅស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញនៅឡើយ។
អ្នកនាំពាក្យនគរបាលរាជធានីភ្នំពេញលោក សាន សុខ សីហា បានបញ្ជាក់ថាប្រសិនជាសមត្ថកិច្ចរក ឃើញភស្តុតាងច្បាស់លាស់បញ្ជាក់ថាមនុស្ស ទាំង១៧នាក់នេះមានជាប់ពាក់ព័ន្ធនឹងការបង្ករសន្តិសុខ សង្គមមែន សមត្ថកិច្ចនឹងបញ្ជូនទៅតុលាការដើម្បីបន្តនីតិ វិធី៕
ដោយ ៖ សិលា