ខេត្តកោះកុង៖ យោងតាមប្រជាពលរដ្ឋរស់នៅឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង បានរាយការណ៍នៅរសៀលថ្ងៃអង្គារទី០៤ ខែមករា ឆ្នាំ២០២២នេះថា៖ មានស្ត្រីម្នាក់ ឈ្មោះ សែម លីវិជ្ជរី ជាមន្រ្តីនគរបាលម្នាក់នៅឃុំព្រែកខ្សាច់ បានដេីរធ្វេីសកម្មភាពគំរាមឱ្យពួកគាត់ផ្ដិតមេដៃឡេីងវិញ ដេីម្បីទទួលស្គាល់ និងគាំទ្រលោក ហឿន ប៊ុនហេង ដែលជាស្មៀនឃុំព្រែកខ្សាច់ នៃស្រុកគិរីសាគរ ខេត្តកោះកុង ឡេីងវិញ។
ប្រជាពលរដ្ឋខាងលេីនេះ បានឱ្យដឹងទៀតថា ស្រ្តីឈ្មោះ សែម លីវិជ្ជរី មន្រ្តីនគរបាលប៉ុស្តិ៍ព្រែកខ្សាច់រូបនេះ ត្រូវជាប្អូនថ្លៃរបស់លោក ហឿន ប៊ុនហេង ស្មៀនឃុំព្រែកខ្សាច់ មូលហេតុដែលខ្លួន ដេីរគំរាមឱ្យផ្ដិតមេដៃគាំទ្របងថ្លៃរបស់ខ្លួននោះ គឺផ្ទុយពីច្បាប់ ខណៈដែលមិនមានការអនុញ្ញាតពីថ្នាក់លើរបស់អង្គភាពខ្លួនបញ្ជាឱ្យចុះស្រង់ស្ថិតិប្រជាពលរដ្ឋ ឬស្នេីសុំឱ្យផ្ដិតមេដៃពីប្រជាពលរដ្ឋនោះឡេីយ។ ជាក់ស្ដែងទង្វើរបស់មន្រ្តីនគរបាលរូបនេះ គឺចុះធ្វើការដោយចិត្តឯងទាំងដែលខ្លួនពាក់ឯកសណ្ឋានស៊ីវិល ឆ្លៀតនៅក្នុងម៉ោងបំពេញតួនាទីជាមន្ត្រីរាជការថែមទៀតផង។ ដូច្នេះប្រជាពលរដ្ឋងឿងឆ្ងល់ថា៖ តេីការងារនេះ ជាតួនាទីរបស់មន្រ្តីនគរបាលរូបនេះជាអ្នកអនុវត្តច្បាប់ឬយ៉ាងណា ឬក៏គាត់យកសិទ្ធិអំណាចរបស់ខ្លួន ដេីម្បីដេីរគំរាមឱ្យផ្ដិតមេដៃគាំទ្រសាច់ញាតិរបស់ខ្លួន។ តេីថ្នាក់ស្រុក ខេត្ត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ នឹងមានវិធានការបែបណា ចំពោះមន្រ្តីនគរបាលប៉ុស្តិ៍ព្រែកខ្សាច់រូបនេះ ដែលធ្វើផ្ទុយទៅនឹងច្បាប់?
ជុំវិញករណីនេះដែរ លោកស្រ្តី សែម លីវិជ្ជរី ជាមន្រ្តីនគរបាលប៉ុស្តិ៍ព្រែកខ្សាច់ ក៏បានបញ្ជាក់តាមទូរស័ព្ទឱ្យដឹងថា៖ ខ្ញុំអត់បានថាសុំឱ្យគាត់ផ្ដិតមេដៃសុំគាំទ្រមិនគាំទ្រទេ ខ្ញុំគ្រាន់តែសួរគាត់ថា ពួកគាត់នៅតែបន្តគាំទ្រលោកស្មៀនឃុំ ឬមិនគាំទ្រ ខ្ញុំមិនបានបង្ខិតបង្ខំពួកគាត់ទេ។ ហើយខ្ញុំចុះទៅនេះគឺសួរនាំគាត់ធម្មតាទេ ព្រោះខ្ញុំស្លៀកពាក់ខោអាវធម្មតា គឺមិនមានពាក់ឯកសណ្ឋានជាមន្រ្តីនគរបាលនោះទេ។ ហើយការចុះនេះគឺគ្រាន់តែចង់ដឹងថា ពួកគាត់គាំទ្រឬអត់។
ដោយឡែកពាក់ព័ន្ធករណីខាងលេីនេះ លោក ចេង មុនីរិទ្ធ អភិបាលស្រុកគិរីសាគរ បានប្រាប់តាមរយៈទូរស័ព្ទថា៖” ករណីនិងយេីងមិនទាន់អាចឆ្លេីយបំភ្លឺបានទេ ហើយយើងកំពុងតែចុះសួរនាំ មានន័យថាយេីងកំពុងហៅពួកគាត់ទាំងអស់នោះមកសួរនាំ ដេីម្បីជួបគ្នាជាមួយមេភូមិ និងស្មៀន ព្រោះអីយេីងមិនទាន់ច្បាស់ចំពោះការងារនឹង ចឹងយើងចាំសួរនាំពីពួកគាត់ ដេីម្បីបំភ្លឺមួយៗសិន។ ហេីយលោក និងធ្វើរបាយការណ៍ជូនទៅថ្នាក់ខេត្តតាមក្រោយ។ ដោយឡែកចំពោះករណី ប្អូនថ្លៃរបស់លោកស្មៀនឃុំ ដែលចុះគំរាមប្រជាពលរដ្ឋឱ្យផ្ដិតមេដៃ លោកអភិបាលស្រុក ក៏បានបញ្ជាក់ថា លោកមិនទាន់បានទទួលព័ត៍មាននឹងបន្តទៀត ឥឡូវចំពោះការលើកឡើងរបស់បុគ្គល សុទ្ធតែការលើកឡើងហើយ រាល់ដែលយេីងត្រូវការស៉េីបអង្កេតរឿងនេះសិន។ ហើយយើងកំពុងតែសួរនាំ និងបំភ្លឺសិន សម្រាប់ការងារផ្សេងទៀតយេីងមិនទាន់អាចនិយាយបានទេ”។
គួររម្លឹកថា បេីយោងតាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង កាលពីរសៀលថ្ងៃអង្គារទី២៨ ខែធ្នូ ឆ្នាំ២០២១កន្លងទៅនេះ បានឱ្យដឹងថា បច្ចុប្បន្ននេះពួកគាត់ បាននាំគ្នាផ្ដិតមេដៃជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គោរពស្នើសុំផ្លាស់ប្ដូរលោក ហឿន ប៊ុនហេង ចេញពីស្មៀនឃុំព្រែកខ្សាច់ នៃស្រុកគិរីសាគរ ខេត្តកោះកុង។ បន្ទាប់ពីប៉ុន្មានឆ្នាំចុងក្រោយនេះ ស្មៀនឃុំព្រែកខ្សាច់ លោក ហឿន ប៊ុនហេង ដែលបានបំពេញការងារប្រាស់ចាកពីភាពជាមន្ត្រី ធ្វើការងារមិនបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ ដោយមិនយកច្បាប់ជាធំ ហើយបានប្រព្រឹត្តិអំពើពុករលួយ ធ្វើឱ្យពួកគាត់បាត់ទំនុកចិត្តតែម្តង។
គួរបញ្ជាក់ដែរថា សម្ដេចក្រឡាហោម ស ខេង កន្លងមកនេះក៏បានមានប្រសាសន៍ជម្រាបជូនប្រជាពលរដ្ឋអំពីការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋតាមតម្រូវការជាក់ស្ដែងប្រចាំថ្ងៃ ដោយមន្ត្រីអាជ្ញាធរមូលដ្ឋានឃុំ ក្នុងនោះមានមេឃុំ ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងប៉ុស្ត៍រដ្ឋបាលឃុំសង្កាត់ តាមរយៈការផ្ដល់ឯកសារផ្សេងៗ ការថែរក្សាការពារសន្តិសុខ និងសណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន ព្រមទាំងការសម្រេចចិត្ត និងការអនុវត្តការងារជាច្រើនទៀតដើម្បីបំរើប្រយោជន៍សាធារណៈក្នុងមូលដ្ឋាន៕
ដោយ៖ស តារា