ព័ត៌មានទាន់ហេតុការណ៍៖

វៀតណាមទទួលបានវ៉ាក់សាំងជាង ១៩៥លានដូស ចាក់បង្ការបានជាង ១៥៤លានដូស

ចែករំលែក៖

វៀតណាមបានទទួលវ៉ាក់សាំងរហូតដល់ទៅ ១៩៥លានដូស ហើយមកដល់ថ្ងៃទី ៤ខែមករាឆ្នាំ២០២២ នៅទូទាំងប្រទេសចាក់បានវ៉ាក់សាំង ជាង ១៥៤,៣លានដូស។ នៅទីក្រុងហូជីមិញនឹងបើកហាងខារ៉ាអូខេ ក្លឹមកម្សាន្ត ម៉ាស្សា…ឡើងវិញចាប់ពីថ្ងៃទី ១០ខែមករាឆ្នាំ២០២២។
ការចាក់វ៉ាក់សាំងបានច្រើនជួយទប់ស្កាត់ការឆ្លងរាលដាល នៅក្នុងប្រទេសវៀតណាមបានល្អដោយនៅថ្ងៃនេះចំនួនអ្នកឆ្លងបានថយចុះជាងថ្ងៃមុនដែលមានជិត១៧០០០នាក់ ។ ក្នុងរយៈពេល២៤ម៉ោងកន្លងមកវៀតណាមរកឃើញករណីឆ្លងតែ១៤,៨៦១នាក់ប៉ុណ្ណោះ ហើយទីក្រុងហាណូយមានករណីឆ្លងច្រើនជាងគេ មានជាង ២៥០០នាក់។
ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអង្គារនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ ចំនួន១៤,៨៦១ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ ក្នុងចំណោមករណីឆ្លងខាងលើ មាន៣២ករណីជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុក។ ទីក្រុងហូជីមិញបានរាយការណ៍ ចំនួន៦៦៤ករណី ហើយក៏បានត្រៀមដំណើរការសេដ្ឋកិច្ចឡើងវិញផងដែរ។
ក្នុងរបាយការណ៍ថ្ងៃអង្គារនេះដែរ ក្រសួងសុខាភិបាលវៀតណាម ក៏បានប្រកាសពីករណីអ្នកស្លាប់ថ្មី ដោយសារជំងឺកូវីដ១៩ ចំនួន២២៤នាក់បន្ថែមទៀតផងដែរ។ សរុបមកវិញ គិតត្រឹមយប់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២នេះវៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១,៨០០,៧០៤នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ១,៤១៣,៣៨៤នាក់ ចំណែកអ្នកស្លាប់សរុបចំនួន ៣៣,២៤៥នាក់៕ដោយ៖ធីរីណា

រូបថត៖TTXVN 


ចែករំលែក៖