ខេត្តកំពង់ចាម ៖ នៅទីស្នាក់ការបក្សស្រុកកំពង់សៀម នាព្រឹកថ្ងៃពុធ ៣កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ បានប្រារព្ធសន្និបាតគណ:កម្មាធិការគណបក្សមូលដ្ឋានឃុំអំពិល ក្រោមអធិបតីភាពលោក វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម ហើយសន្និបាតនេះក៏មានវត្តមានលោកជាប្រធាន អនុប្រធានក្រុមការ ងារចុះឃុំអំពិល សមាជិក សមាជិកា និងអាជ្ញាធរស្រុក ឃុំ សរុបចំនួន២៥០នាក់។
មានមតិសំណេះសំណាលនាឱកាសនេះ លោកក្នុងនាមថ្នាក់ដឹកនាំក្រុមការងារចុះមូលដ្ឋានស្រុកតំបែរ លោកបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹត្តបណ្ឌិត ប៉ុន រ៉ានីហ៊ុន សែន មកជូនបងប្អូនស្រុកកំពង់សៀម និងដោយ ឡែកបងប្អូនឃុំអំពិល ហើយសម្តេចបានជូនពរឲ្យបងប្អូនប្រជាពលរដ្ឋទទួលបាននូវពុទ្ធពរ ទាំង៤ ប្រការកុំបីឃ្លៀង ឃ្លាតឡើយ។ បន្ទាប់មក លោកប្រធានបានជម្រាបជូនអង្គសន្និបាតជ្រាបជាបន្តបន្ទាប់អំពីសមិទ្ធផលដែលរាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយកត្តិបណ្ឌិតរបស់សម្តេចតេជោ សម្រេចបានក្នុងឆ្នាំ២០២១ ក្នុងនោះគឺវិធានការទប់ស្កាត់ការរីករាលដាល ជាសកលនៃជំងឺកូវីដ-១៩ តាមរយ:យុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានយ៉ាងទូលំ ទូលាយ និងការអនុវត្តវិធានការ ៣កុំ ៣ការពារ។ កាលពីថ្ងៃទី១៨ ខែឆ្នូ កន្លងមក វិមានកីឡដ្ឋាននៃពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវបានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងឯកឧត្តម វ៉ាង វិន ធៀន ឯកអគ្គរដ្ឋទូត វិសាមញ្ញពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និង ពិធីរាប់ថយក្រោយ ៥០២ថ្ងៃ ដំណើរឆ្ពោះទៅកាន់ព្រឹត្តិការណ៍ប្រកួតកីឡា SEA Games-ASEAN-Para Games ឆ្នាំ២០២៣ ហើយនៅឆ្នាំ២០២២ នេះ កម្ពុជាបានធ្វើជាប្រធានអាស៊ានប្តូរវេនផងដែរ។ ដោយឡែក សម្រាប់ឆ្នាំ២០២២ នេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោល នយោបាយស្តារសេដ្ឋកិច្ចជាតិឡើងវិញតាមគន្លងប្រក្រតីភាពភាពថ្មី បន្ទាប់ពីត្រូវបានបំផ្លាញដោយសារការរីករាលដាលជំងឺឆ្លងកូវីដ-១៩។
ភ្ជាប់ជាមួយកម្មវត្ថុនៃសន្និបាតនាព្រឹកនេះ បន្ទាប់ពីបានស្តាប់របាយការណ៍បូកសរុបសមិទ្ធផល បញ្ហាប្រឈម និងការអនុវត្តគោលនយោបាយគណបក្សនាឆ្នាំ២០១៧-២០២១ យ៉ាងក្បោះ ក្បាយរបស់លោក រ័ត្ន គឹមហៃ ប្រធានគណ:កម្មាធិការគណបក្សមូលដ្ឋានឃុំអំពិល និងផែនការសកម្មភាព និងទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០២២-២០២៧ ដែលអានដោយលោក លី ឆៃឡេង អនុប្រធានគណ:កម្មាធិការគណបក្សមូលដ្ឋានឃុំអំពិល រួចមក ឯកឧត្តមប្រធានក្រុមបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តម និងសមាជិកក្រុមការងារទាំងអស់ រួមទាំងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធដែលបានជួយឧបត្ថម្ភ គាំទ្រ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋតាមការចាំបាច់ និងបានទាន់ពេលវេលា។ ពិតណាស់សកម្មភាពនេះ បានបង្ហាញពីការយកចិត្ដទុក ដាក់ គិតគូពីសុខទុក្ខ និងបញ្ហាលំបាករបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនជាអាទិ៍៖ បញ្ហាគ្រោះថ្នាក់ចរាចរ រន្ទះបាញ់ ខ្យល់កន្រ្តាក់ ភ្លើងឆេះផ្ទះ ការកសាងផ្លូវលំ ដាក់លូរំដោះទឹក ជួសជុលសាលារៀន ចាក់ដីលុបបំពេញទីទាបក្នុងបរិវេណសាលា សាងសង់ស្នាក់ការបក្សឃុំ ឧបត្ថម្ភសម្ភារ បរិក្ខារពេទ្យសម្រាប់ទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ការតបណ្តាញអគ្គីសនី ការចែកអាវរងារជូនចាស់ជរា ការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងគោលនយោ បាយ ក៣ (កើត ការ និងស្លាប់)។ល។ ហើយជាប្រាកដ សមកម្មភាពនេះបានបង្ហាញ និងបញ្ជាក់យ៉ាងច្បាស់ពីការគិតគូ យកចិត្តទុកដាក់ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ តាងនាមជាមន្រ្តីបម្រើប្រជាពលរដ្ឋ គិតគូ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋនៅមូលដ្ឋានអស់ពីសមត្ថភាព និងគ្រប់ ពេលវេលា។
សកម្មភាពមនុស្សធម៌ និងសិល្ប:នៃការចែករំលែកនេះ ឯកឧត្តមបញ្ជាក់ថា វាសរបញ្ជាក់ពីការទទួលខុសខ្ពស់នៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលស្តីពីការអភិវឌ្ឍន៍មូលដ្ឋានប្រកបដោយចីរភាពក្នុងន័យជារួមគឺធានាបានសន្តិសុខស្បៀង បន្តកសាង និងពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម លើកកម្ពស់អនាម័យ បរិស្ថាន សុខមាលភាពប្រជាពលរដ្ឋ និងកាត់បន្ថយគ្រោះថ្នាក់។ កសាងបានជាកម្លាំងសរុប វិធានការសរុប និងមធ្យោបាយសរុប ក្នុងការ អនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព»។ ផ្ដល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត។ គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។ មានសណ្ដាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍។ គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្ដ្រីនិងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង។ ដោះស្រាយវិធានការនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។ មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ។ ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្ដរាយ
និងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព។ សកម្មភាពទាំងអស់នេះ ដើម្បីបង្កភាពអនុគ្រោះដល់ដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចនៅមូលដ្ឋាន និងឈានទៅបង្កើនល្បឿននៃការកាត់បន្ថយភាពក្រី ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណតំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។ល។ លោកប្រធានបានរំលេចជូនអង្គសន្និបាតយ៉ាងច្បាស់ថា ទោះបីមានសន្តិភាព ស្ថិរភាពយ៉ាងរឹងមាំ ប៉ុន្តែសន្តិសុខ សណ្តាប់ធ្នាប់សាធារណ: បញ្ហាជីវភាព សុខុមាលភាពរបស់ប្រជាពលរដ្ឋ និងការផ្តល់សេវាសាធារណ:ចាំបាច់នានានៅតែជាបញ្ហាអាទិភាពដែលគ្រប់ភាគីពាក់ព័ន្ធ ពិសេសអាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់ជាប់ជាប្រចាំ ដើម្បីធានាឲ្យប្រជាពលរដ្ឋគ្រប់រូប និងសង្គមទាំងមូលមានសុវត្ថិភាពល្អប្រសើរ ជីវភាពរុងរឿង និងសុខដុមរមនា។ កិច្ចការទាំងឡាយ ទាំងពួងនេះ ឯកឧត្តមប្រធានក្រុមការងារបានផ្ញើក្តីសង្ឃឹម ជឿជាក់ គាំទ្រ និងផ្តល់កម្លាំងចិត្តដល់អាជ្ញាធរមូលដ្ឋាន និងឯកឧត្តមប្រធាន អនុប្រធាន និងសមាជិកក្រុមការងារចុះឃុំ ត្រូវបន្តគិតគូ យកចិត្តទុកដាក់ និងទទួលខុសត្រូវលើភារកិច្ចរបស់ខ្លួនឲ្យកាន់តែល្អប្រសើរថែមទៀតសម្រាប់ឆ្នាំ២០២២ ដើម្បីឈានឆ្ពោះទៅទទួលបានជោគជ័យនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្គាត់ អាណត្តិទី៥ ក្នុងពេលខាងមុខ។
ឆ្លៀតយកឱកាសនេះ លោកប្រធានក៏បានលើកយកយុទ្ធសាស្រ្តទាំង ៦ចំណុចរបស់រាជរដ្ឋា ភិបាលមកផ្សព្វផ្សាយជូនអង្គសន្និបាតក្នុងន័យជារួមថាឆ្នាំ ២០២២ គឺជាឆ្នាំដែលគណបក្សយើងត្រូវប្រមូលផ្ដុំកម្លាំង ពុះពារជម្នះបញ្ហា ប្រឈម និងហានិភ័យផងទាំងពួងទាំងក្នុង និងក្រៅ ប្រទេស នៅលើមាគ៌ានៃការបន្តនូវការប្រយុទ្ធនឹងវិបត្តិជំងឺកូវីដ-១៩ និងការកសាងសមត្ថភាពរស់នៅជាមួយជំងឺនេះតាមគន្លងប្រក្រតីភាពថ្មី ដែលបម្រើឱ្យគោលដៅជាយុទ្ធសាស្ត្រ ៦យ៉ាង គឺ :
១- ត្រូវបន្តរក្សាការពារ និងពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ជាពិសេសការពង្រឹងភូមិឃុំមានសុវត្ថិភាព។
២- ត្រូវបន្តយកចិត្តទុកដាក់ថែទាំសុខភាពសាធារណៈ និង អាយុជីវិតប្រជាជន ពីជម្ងឺកូវិដ ១៩។
៣- ការបន្ត ខិតខំរក្សាលំនឹងសង្គម-សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជន។
៤- ការតម្រង់កិច្ចប្រឹងប្រែង និង ធនធានឆ្ពោះ និង ជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ។
៥- ការធានាអនុវត្តឱ្យបានជោគជ័យ នូវរបៀបវារៈនៃការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ ពោលគឺ ការរៀបចំការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ ដើម្បីបន្តជំហានទៅរកភាពជោគជ័យក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ នាឆ្នាំ ២០២៣ ទៀត។ និង
៦- ការធានាឱ្យបាននូវជោគជ័យ ក្នុងការបំពេញកាតព្វកិច្ចតំបន់ និង អន្តរជាតិ របស់កម្ពុជា ពិសេសក្នុងនាមជាប្រធានអាស៊ាន៕
ដោយ ៖ សិលា