ខេត្តកណ្ដាល ៖ បុរសម្នាក់បានលួចលាក់យកស្រីស្នេហ៍មកដេកនៅក្នុងឃ្លាំងសិប្បកម្មមួយកន្លែង តែលាក់មិនជិត ធ្វើឱ្យស្រ្តីជាប្រពន្ធតាមទាន់ ក៏បានឈ្លោះប្រកែកគ្នាឈានទៅដល់ប្រតាយប្រតប់គ្នា ជាហេតុធ្វើឱ្យស្ត្រីជាប្រពន្ធទ្រាំពុំបានក៏ប្តឹងសមត្ថកិច្ចឱ្យធ្វើការឃាត់ខ្លួននៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២២។ ករណីនេះបានកើតឡើងកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង២០និង៣០នាទី នៅចំណុចក្នុងសិប្បកម្មតម្បាញ ភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឱ្យដឹងថា ជនរងគ្រោះត្រូវជាប្រពន្ធឈ្មោះ យី ដុងហ័រ អាយុ៤០ឆ្នាំ ជនជាតិចិន មុខរបរម្ចាស់សិប្បកម្មតម្បាញ ស្នាក់នៅភូមិសង្កាត់កើតហេតុ ។ ចំណែកជនសង្ស័យឈ្មោះ ឈីន ស៊ិនឆៃ ភេទប្រុស អាយុ៤០ឆ្នាំ
ជនជាតិចិន មុខរបរម្ចាស់សិប្បកម្មតម្បាញ ស្នាក់នៅភូមិ សង្កាត់កើតហេតុ (ឃាត់ខ្លួន)។
ប្រភពដដែលបន្តថា កាលពីវេលាកើតហេតុខាងលើ ជនសង្ស័យដែលត្រូវជាប្តីជនរងគ្រោះបានយកស្រីមកដេករួមភេទនៅក្នុងឃ្លាំងសិប្បកម្មតម្បាញរបស់គាត់ ពេលនោះជនរងគ្រោះបានមកទាន់ក៏បានយកទូរស័ព្ទថតសកម្មភាពរបស់ប្តីគាត់ ទើបកើតជាទំនាស់គ្នាឡើង ហើយជនសង្ស័យក៏បានប្រតាយប្រតប់គ្នា ដណ្តើមយកទូរស័ព្ទពីដៃជនរងគ្រោះទៅបោកចោល ហើយពេលនោះជនសង្ស័យក៏បានចាប់បោចសក់ជនរងគ្រោះនិងទះជនរងគ្រោះបីបួនដៃបណ្តាលឱ្យជាំភ្នែកខាងឆ្វេងតែម្តង ។ លុះព្រឹកឡើងអ្នកទាំងពីរនៅពេលឃើញមុខគ្នាក៏បានឈ្លោះគ្នាប្រតាយប្រតប់គ្នាម្តងទៀត ហើយជនសង្ស័យបានយកទូរស័ព្ទជនរងគ្រោះ បោកចោលអស់មួយទៀត ។ លុះមកដល់ថ្ងៃទី០៤ខែមករាឆ្នាំ២០២២ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅឱ្យសមត្ថកិច្ចចុះទៅឃាត់ខ្លួនជនសង្ស័យជាប្តីយកមក ចាត់ការតាមនីតិវិធីតែម្តង។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្នាននគរបាលក្រុងតាខ្មៅដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
ដោយ៖ស្អាងជ័យ