ព័ត៌មានទាន់ហេតុការណ៍៖

បោះឆ្នោតឆ្នាំ២០២២៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron នាំមុខនៅក្នុងការស្ទង់មតិ

ចែករំលែក៖

តាមសារព័ត៌មាន TTXVN លទ្ធផលស្ទង់មតិនៅដើមឆ្នាំ ២០២២ ធ្វើឡើងដោយសារព័ត៌មាន Les Echos និង Radio Classique បានបង្ហាញឱ្យឃើញថា ការប្រកួតប្រជែងតំណែងប្រធានាធិបតីបារាំងឆ្នាំ២០២២នេះ ប្រធានាធិបតីបារាំង លោកម៉ាក្រុងនៅតែទទួលបានការផ្តល់ទំនុកចិត្តខ្ពស់ពីពលរដ្ឋ គឺនាំមុខដាច់ឆ្ងាយពីបេក្ខភាពមកពីគណបក្សប្រឆាំង ។
តាមលទ្ធផលស្ទង់មតិសម្រាប់ការបោះឆ្នោតជុំទី១នៅបារាំង ប្រធានាធិបតីម៉ាក្រុងទទួលបានការគាំទ្រ២៦% ។ ចំណែកបេក្ខភាព Valérie Pécresse និង Marine Le Pen ទទួលបានការគាំទ្រ១៦%ដូចគ្នា។ ដោយឡែកបេក្ខភាព Eric Zemmour ទទួលបានការគាំទ្រ១៣% ។ ជាមួយនឹងលទ្ធផលស្ទង់មតិខាងលើ ប្រធានាធិបតីម៉ាក្រុង ងាយស្រួលយកឈ្នះក្នុងការបោះឆ្នោតជុំទីមួយ។
អនុប្រធានមជ្ឈមណ្ឌល OpinionWay លោក Bruno Jeanbart បានបញ្ជាក់ថា «ប្រធានាធិបតីម៉ាក្រុងទទួលបានទំនុកចិត្តខ្ពស់ពីពលរដ្ឋគឺដោយសារតែលោកកំពុងតែកាន់តំណែងប្រធានាធិបតី ។ ជាមួយគ្នានេះដែរ សុន្ទរកថាជូនពរឆ្នាំថ្មីរបស់ប្រធានាធិបតីម៉ាក្រុងបានទាក់ទាញការតាមដានពីពលរដ្ឋជាង ១២លាននាក់នៅទូទាំងប្រទេស ក្រោយមានករណីឆ្លងកូវីដ-១៩ កើនឡើង។
តាមគម្រោងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីបារាំងជុំទីមួយនឹងត្រូវធ្វើឡើងនៅថ្ងៃទី ១០ខែមេសាឆ្នាំ២០២២ និងជុំទីពីរនៅថ្ងៃទី២៤ខែមេសា។ បេក្ខភាពដែលទទួលបានការគាំទ្រខ្ពស់ពីររូបនៅជុំទីមួយនឹងត្រូវបន្តប្រកួតប្រជែងក្នុងការបោះឆ្នោតជុំទីពីរ។ ជាមួយនឹងការគាំទ្រខ្ពស់ពីពលរដ្ឋ ប្រធានាធិបតីម៉ាក្រុងមានសង្ឃឹមជាប់ឆ្នោតដឹកនាំបារាំងបន្ថែមមួយអាណត្តិទៀត៕

ដោយ៖ធីរីណា(រូបថត៖AFP/TTXVN)


ចែករំលែក៖