ព័ត៌មានទាន់ហេតុការណ៍៖

ផ្អាកការងារយូរពេកដោយសារកូវីដ-១៩ អាកាសយានិក«ភ្លេចវិធីសាស្ត្របើកយន្តហោះ»

ចែករំលែក៖

ក្រោយរយៈពេលជិត២ឆ្នាំផ្អាកការហោះហើរដោយសារការឆ្លងរាលដាលកូវីដ-១៩ បណ្តាអាកាសយានិករបស់ក្រុមហ៊ុនអាកាសចរណ៍ទាំងឡាយហាក់បីដូចជា«ភ្លេចជំនាញ» ក្នុងការបញ្ជាការហោះហើរ បង្កក្តីបារម្ភយ៉ាងខ្លាំងពីសុវត្ថិភាពដល់អ្នកដំណើរក្រោយការហោះហើរឡើងវិញ។
តាមកំណត់ហេតុរបស់ក្រុមហ៊ុនអាកាសចរណ៍ Qantas កូវីដ-១៩ បានធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍ផ្អាកការហោះហើររយៈពេលជិត២ឆ្នាំកន្លងមកនេះ។ ដោយការឈប់សម្រាកពីការងារយូរពេក អាកាសយានិកជំនាញបំផុតក៏ត្រូវ«ភាំងៗ»ដែរពេលចាប់ផ្តើមហោះហើរឡើងវិញ។ នេះមិនមែនជាបញ្ហាផ្ទាល់របស់ក្រុមហ៊ុន Qantas នោះឡើយ គឺបានកើតឡើងនៅលើក្រុមហ៊ុនអាកាសចរណ៍ផ្សេងៗទៀតជុំវិញពិភពលោក។
ក្រុមហ៊ុនអាកាសចរណ៍ Qantas បានឱ្យដឹងថា «យើងកត់សម្គាល់ឃើញថា ការផ្អាកហោះហើរបានធ្វើឱ្យប៉ះពាល់ដល់ក្រុមហោះហើរ អាកាសយានិកមិនសូវបានប្រមូលអារម្មណ៍ល្អ ពេលចាប់ផ្តើមហោះហើរឡើងវិញ»។
តាមការប្រកាសរបស់ក្រុមហ៊ុន Qantas ក្រុមអាកាសយានិកជាច្រើនបានបង្កឱ្យមានកំហុសក្នុងពេលដែលយន្តហោះមិនទាន់ចាប់ផ្តើមហោះហើរ ក៏ដូចជាពេលហោះហើរ ច្រឡំកម្ពស់ និងល្បឿនហោះហើរ ក៏ដូចជាកុងតាក់នានានៅបន្ទប់បើកបរមានការយល់ច្រឡំផងដែរ។
ប្រសិនបើក្រុមអាកាសយានិកមិនអាចវិលត្រឡប់មកដូចដើមក្នុងពេលឆាប់ៗនោះ នឹងប៉ះពាល់យ៉ាងខ្លាំងដល់ការហោះហើរនិងសុវត្ថិភាពអ្នកដំណើរទាំងអស់។
លោក Mick Quinn អ្នកឯកទេសមានបទពិសោធន៍ក្នុងវិស័យធានាសន្តិសុខដល់ការហោះហើរបានលើកឡើងថា វាពិតជាពិបាកដើម្បីឱ្យអាកាសយានិកស្ទាត់ជំនាញឡើងវិញភ្លាមៗក្រោយផ្អាកការហោះហើរជិត២ឆ្នាំនោះ ៕ដោយ៖ធីរីណា

រូបថត៖Getty Images

រូបថត៖The Sydney Morning Herald


ចែករំលែក៖