ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ លោក ដួង តារា ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងយ៉ាងដូច្នេះថា៖ ទោះបីកម្ពុជាជាប្រទេសតូច សេដ្ឋកិច្ចមិនខ្លាំងជឿនលឿនដូចបណ្តាប្រទេសមួយចំនួនក៏ពិតមែន ប៉ុន្តែកម្ពុជាមានបេះដូងទូលាយប្រកបដោយគុណធម៌និងក្តីស្រឡាញ់ជ្រាលជ្រៅដល់មនុស្សជាតិដូចគ្នា ជាពិសេសប្រជាជនមីយ៉ាន់ម៉ាដែលកំពុងត្រូវការជំនួយអន្តរជាតិ។
លោកបន្តថា កម្ពុជាធ្លាប់បានឆ្លងកាត់របបប្រល័យពូជសាសន៍និងសង្រ្គាមរ៉ាំរ៉ៃជាច្រើនឆ្នាំកន្លងមកហើយ ដែលចុងក្រោយគឺត្រូវបានបញ្ចប់ដោយការព្រមព្រៀងចរចាគ្នារវាងគ្រប់ភាគីខ្មែរពាក់ព័ន្ធទាំងអស់ដែលបានឈានទៅរំលត់សង្រ្គាមរ៉ាំរ៉ៃបានទាំងស្រុងនិងបាននាំមកវិញនូវសុខសន្តិភាព និងឱកាសកសាងអភិវឌ្ឍន៍ប្រទេសជាតិរីកចម្រើនមកទល់សព្វថ្ងៃ។
កម្ពុជាបានសុខ កម្ពុជាក៏ចង់ឃើញប្រជាជនមីយ៉ាន់ម៉ាមានសេចក្តីសុខដូចគ្នា ដែរ ហើយកម្ពុជាក៏មិនចង់ឃើញមីយ៉ាន់ម៉ានៅឯកោ ក្រៅឆាកអាស៊ានដែរ ។ បើទុកមីយ៉ាន់ម៉ាឱ្យនៅឯកា គឺប្រជាជនមីយ៉ាន់ម៉ានឹងប្រឈមវិបត្តិនយោបាយសង្គមយ៉ាងធ្ងន់ធ្ងរមិនខាន។
លោក ដួង តារា លើកឡើងថា បេសកកម្មពិសេសប្រកបដោយគុណធម៌ មនុស្សធម៌ និងក្តីស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តីកម្ពុជា ក្នុងការជួយដោះស្រាយវិបត្តិមីយ៉ាន់ម៉ានឹងផ្តល់នូវផលប្រយោជន៍ជាប្រវត្តិសាស្រ្តសម្រាប់ប្រទេសជាសមាជិកអាស៊ានមួយនេះឱ្យរួចផុតពីវិបត្តិទាំងឡាយដែលប្រជាជាតិមីយ៉ាន់ម៉ាកំពុងប្រឈម។ មានតែការនិយាយគ្នាទេ ទើបអាចឈានទៅរកដំណោះស្រាយជាវិជ្ជមានជាច្រើនទៀតបាន។
ខ្ញុំបាទមានជំនឿលេីទេពកោសល្យដ៏ប៉ិនប្រសប់ឈ្លាសវៃរបស់សម្តេចតេជោក្នុងការដោះស្រាយបញ្ហា និងសូមគោរពគាំទ្រទាំងស្រុងចំពោះបេសកកម្មដ៏ឧត្តុង្គឧត្តមថ្លៃថ្លាបំផុតរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការជួយប្រជាជនមីយ៉ាន់ម៉ាឱ្យទទួលបាននូវសុខសន្តិភាពនិងឱកាសកសាងប្រទេសជាតិចាប់ពីឆ្នាំ២០២២នេះតទៅ។
ខ្ញុំមានមោទកភាពយ៉ាងខ្លាំងដែលមានមេដឹកនាំមិនត្រឹមតែគិតគូរអំពីសុខទុក្ខពលរដ្ឋខ្មែរទេ ប៉ុន្តែបានយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខនិងវាសនាអនាគតពលរដ្ឋនៃប្រទេសដទៃឱ្យមានសេចក្តីសុខដូចកម្ពុជាផងដែរ ជាពិសេសក្នុងស្ថានភាពដ៏លំបាកបំផុតនេះ៕
ដោយ ៖ សុខ ខេមរា