ព័ត៌មានទាន់ហេតុការណ៍៖

តូយ៉ូតាស៊ីណាបុកម៉ូតូស្លាប់ម្នាក់នៅស្រុកទឹកផុស

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុបន្ទាប់ពីត្រូវរថយន្តមួយគ្រឿងបានបុកពេញមួយទំហឹងខណៈដែលកំពុងបើកបរនៅលើដងផ្លូវ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១៩និង៣០នាទីយប់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២២លើផ្លូវលេខ១៥០Bចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ២៣/២៤ស្ថិតក្នុងភូមិដំរិប ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

  សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នេះឈ្មោះ  យិន ហៀ  ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិតាំងគ្រួស ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ស្លាប់នៅកន្លែងកើតហេតុ ។ 

  សមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុរថយន្តម៉ាកតូយ៉ូតាស៊ីណាពណ៌សមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AR- 3218 បើកបរដោយឈ្មោះ ឆេង  រិទ្ធថារ៉ូ ភេទប្រុសអាយុ ២៩ឆ្នាំ ទីលំនៅភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់បើកបរចេញពីទិសខាងត្បូងឆ្ពោះទៅទិសខាងជើង។ នៅពេលមកដល់ចំណុចខាងលើក៏បុកម៉ូតូម៉ាកហុងដាឌ្រីម C១២៥ ពណ៌ខ្មៅពាក់ស្លាកលេខកំពង់ឆ្នាំង1K-1416 បើកបរដោយឈ្មោះ យិន ហៀ  ភេទប្រុស អាយុ២២ឆ្នាំទីលំនៅភូមិតាំងគ្រួស ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ បើកចេញពីទិសខាងជើងឆ្ពោះទៅទិសត្បូង បណ្តាលឱ្យស្លាប់នៅនឹងកន្លែងភ្លាមៗតែម្តង 

  ក្រោយពេលកើតេហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ដោយជនបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ចំពោះមធ្យោបាយបង្កត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកទឹកផុសដើម្បីអនុវត្តតាមនីតិវិធី៕

ដោយ ៖ ចន្ថា


ចែករំលែក៖