ព័ត៌មានទាន់ហេតុការណ៍៖

អតីតនិស្សិតថ្នាក់បណ្ឌិត អនុបណ្ឌិត និងសញ្ញាបត្រថ្នាក់ឧត្តមសិក្សានានា ដែលបានបញ្ចប់ការសិក្សានៅក្រៅប្រទេស សូមសម្ដែងនូវការខកចិត្ត និងសោកស្តាយជាពន់ពេក ចំពោះអ្នកនយោបាយចាស់វស្សា ទណ្ឌិតសម រង្ស៊ី

ចែករំលែក៖

ភ្នំពេញ ៖ តាមរយៈលិខិតចំហ គឺអតីតនិស្សិតថ្នាក់បណ្ឌិត អនុបណ្ឌិត និងសញ្ញាបត្រថ្នាក់ឧត្តមសិក្សានានា ដែល បានបញ្ចប់ការសិក្សានៅក្រៅប្រទេស សូមសម្ដែងនូវការខកចិត្ត និងសោកស្តាយជាពន់ពេក ចំពោះអ្នកនយោបាយចាស់វស្សា ទណ្ឌិតសម រង្ស៊ី ។ 

អង្គភាព”នគរដ្រេហ្គន” សូមដាក់លិខិតចំហ ទាំងស្រុងរបស់ អតីតនិស្សិតថ្នាក់បណ្ឌិត អនុបណ្ឌិត និងសញ្ញាបត្រថ្នាក់ឧត្តមសិក្សានានា ដែលបានបញ្ចប់ការសិក្សានៅក្រៅប្រទេស, :

យើងខ្ញុំទាំងអស់គ្នាជាអតីតនិស្សិតថ្នាក់បណ្ឌិត អនុបណ្ឌិត និងសញ្ញាបត្រថ្នាក់ឧត្តមសិក្សានានា ដែល បានបញ្ចប់ការសិក្សានៅក្រៅប្រទេស សូមសម្ដែងនូវការខកចិត្ត និងសោកស្តាយជាពន់ពេក ចំពោះអ្នកនយោបាយចាស់វស្សាមួយរូប ដែលបាននិយាយវាយតម្លៃបន្ទាបបន្ថោកដល់គុណភាពសញ្ញាបត្រសិក្សា ដែលយើងខ្ញុំ ទទួលបាននៅឯក្រៅប្រទេស ថាជាសញ្ញាបត្រប្រភេទទីពីរ ឬសញ្ញាបត្រយោគយល់។

ការថ្លែងជាសាធារណៈរបស់អ្នកនយោបាយខាងលើនេះ ពិតជាបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងការមិនទទួលស្គាល់នូវការខិតខំប្រឹងប្រែងរបស់យើងខ្ញុំទាំងអស់គ្នាដែលបានទៅនៅឆ្ងាយពី មាតុភូមិ បានតស៊ូសិក្សា និងបានជំនះគ្រប់ឧបសគ្គ ដើម្បីទទួលបានជោគជ័យក្នុងការសិក្សា និងយកចំណេះ ជំនាញមកចូលរួមកសាង និងអភិវឌ្ឍប្រទេសរបស់ខ្លួននៅពេលត្រលប់មកវិញ។

តើបុគ្គលរូបនេះមានការខ្មាសអៀនដែរទេ ក្នុងនាមដើមកំណើតខ្មែរ ដែលមិនត្រឹមតែមិនលើកទឹកចិត្ត បែរជាបង្អាប់និស្សិតខ្មែរខ្លួនឯងទៅវិញ ហើយក៏ជាការបំបាក់ទឹកចិត្តនិស្សិតខ្មែរដទៃជាច្រើនរូបទៀត ដែលកំពុង ត្រៀមទៅបន្តការសិក្សានៅក្រៅប្រទេសនាពេលអនាគត។

លើសពីនេះទៀត ការថ្លែងបែបនេះ គឺជាការវាយតម្លៃបន្ទាបបន្ថោកចំពោះគុណភាពអប់រំ ក៏ដូចជា ប្រព័ន្ធអប់រំទាំងមូលនៃបណ្ដាប្រទេស ដែលនិស្សិតខ្មែរយើងបានទៅសិក្សា និងបានបញ្ចប់ការសិក្សាដោយ ជោគជ័យ ហើយខណៈដែលអ្នកនយោបាយចាស់វស្សាខ្លួនឯងផ្ទាល់រូបនេះ ក៏ជាអតីតនិស្សិតខ្មែរមួយរូប ដែលទទួលបានការសិក្សានៅបរទេសផងដែរនោះ។

យើងខ្ញុំទាំងអស់គ្នា សូមស្នើសុំរូបគាត់ ធ្វើការកែតម្រូវ និងសុំទោសជាសាធារណៈ ដើម្បីបង្ហាញភាពជា គំរូដល់អ្នកនយោបាយជំនាន់ក្រោយ។

ទន្ទឹមនឹងនេះ យើងខ្ញុំសូមប្រកាសគាំទ្រពេញទំហឹងចំពោះសាររបស់ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ដែល បានបង្ហោះនៅលើទំព័របណ្ដាញសង្គមហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ដោយបានស្នើ អ្នកនយោបាយខាងលើឲ្យធ្វើការបកស្រាយ និងសូមក្លាហានហ៊ានចេញមុខតទល់ ដើម្បីលុបលាងនូវការថ្លែង យ៉ាងអាម៉ាស់របស់ខ្លួននៅចំពោះមុខកូនខ្មែរទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។

សូមបញ្ជាក់ថា ទីបំផុតនៅថ្ងៃនេះ ស្ថានទូតអាមេរិកថាបញ្ហារឿងសញ្ញាបត្រលោក ហ៊ុន ម៉ាណែត ត្រូវបានបញ្ជាក់រួចហើយតាំងពីឆ្នាំ២០១៩ មកម្ល៉េះ ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖