ព័ត៌មានទាន់ហេតុការណ៍៖

បើកទំព័រគ្រឹស្តសករាជ២០២២សមត្ថកិច្ចប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះរឹបអូសម៉ូតូគេចពន្ធដាក់លក់អនាធិបតេយ្យ ជាង១០ទីតាំង រកឃើញម៉ូតូគេចពន្ធ៥០គ្រឿង

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍៤កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ សមត្ថកិច្ចនគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុង និងអាជ្ញាធរក្រុងស្ទឹងត្រែង ដឹកនាំបញ្ជាផ្ទាល់ដោយលោកជា សុភ័ក្ត្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ក្រោមការចង្អុលបង្ហាញពីលោកជេត ខេមរា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្ទឹងត្រែង បានចុះធ្វើការត្រួតពិនិត្យនិងរឹបអូសម៉ូតូគេចពន្ធជាច្រើនគ្រឿងដែលដាក់លក់លាយឡំគ្នាជាមួយម៉ូតូមានពន្ធត្រឹមត្រូវតាមដងផ្លូវយ៉ាងអនាធិបតេយ្យ នៅតាមហាងលក់ម៉ូតូជាង១០កន្លែង ក្នុងក្រុងស្ទឹងត្រែង ត្រូវបានរឹបអូសយកមកទុកនីស្នងការដ្ឋាននគរបាលខេត្តដើម្បីបន្តនីតិវិធីច្បាប់។

បើតាមប្រភពពីសមត្ថកិច្ចនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងបានឱ្យដឹងថា ក្នុងការចុះអនុវត្តច្បាប់ស្តីពីការចុះត្រួតពិនិត្យនៅតាមហាងលក់ម៉ូតូក្នុងក្រុងស្ទឹងត្រែងនេះ ធ្វើឡើងដោយមានការចង្អុលបង្ហាញពីលោកជេត ខេមរា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្ទឹងត្រែង និងដឹកនាំកម្លាំងបញ្ជាផ្ទាល់ពីលោកជា សុភ័ក្ត្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្ទឹងត្រែង ដោយកំណត់មុខសញ្ញា១១ទីតាំងដែលជាហាងលក់ម៉ូតូគេចពន្ធនាំចូលដោយមិនបានបង់ពន្ធចូលរដ្ឋឱ្យបានត្រឹមត្រូវតាមច្បាប់ ទើបសមត្ថកិច្ចចុះអនុវត្តតាមអំណាចតុលាការ រហូតរកឃើញម៉ូតូធំតូចសរុប៥០គ្រឿង ដាក់លក់ក្នុងហាងទាំង១១កន្លែង ត្រូវសមត្ថកិច្ចរឹបអូសយកមករក្សាទុកនៅស្នងការដ្ឋាននគបាលខេត្តស្ទឹងត្រែងដើម្បីបន្តនីតិវិធី។

ជុំវិញរឿងនេះដែរលោកសាន និមល ស្នងការរងនគរបាលខេត្តស្ទឹងត្រែង ទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ច ក៏បានបញ្ជាក់ដែរថា ក្នុងការចុះត្រួតពិនិត្យហាងលក់ម៉ូតូទាំង១១ទីតាំងខាងលើនេះ គឺមានលោកជា សុភក្ត្រ ព្រះរាជអាជ្ញារងដឹកនាំបញ្ជាផ្ទាល់។ នៅក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានរកឃើញម៉ូតូដាក់លក់អត់ច្បាប់ដោយគេចពន្ធចំនួន៥០គ្រឿងត្រូវបានរឹបអូសយកមករក្សាទុកឱ្យម្ចាស់ហាងចូលខ្លួនមកបំពេញបែបបទឱ្យមានលក្ខណៈស្របច្បាប់ រួចបង់ពន្ធចូលរដ្ឋ ទើបឱ្យម្ចាស់ម៉ូតូទាំងនោះយកម៉ូតូទៅវិញបាន។ លោកស្នងការរងបន្តថា: ក្រៅពីនោះសមត្ថកិច្ចយើងនឹងធ្វើការស្រាវជ្រាវបន្តរកប្រភពដើមនៃម៉ូតូទាំងនោះបានមកពីណា នាំចូលតាមរយៈណាខ្លះ បើរកឃើញថាជារបស់ផលចោរកម្មម្ចាស់ត្រូវមានទោស ហើយមន្ត្រីជំនាញយើងដែលជានគរបាលយុត្តិធម៌ នឹងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តស្ទឹងត្រែងចាត់ការតាមនីតិវិធីច្បាប់។

គួររំលឹកថា: ម៉ូតូអត់ពន្ធទាំងនេះបានដាក់លក់ និងធ្វើចរាចរណ៍នៅលើទីផ្សារក្រុងស្ទឹងត្រែងជាយូរយារណាស់មកហើយ ហើយប្រជាពលរដ្ឋក៏បានទិញយកទៅប្រើប្រាស់តាមតម្រូវការក្នុងតម្លៃធូរថ្លៃសមរម្យល្មមសម្រាប់ប្រជាពលរដ្ឋក្រីក្រ នៅស្រុកស្រែចម្ការ។ ដូច្នេះធ្វើឱ្យពួកគាត់មានការព្រួយបារម្ភនៅពេលមកផ្សារ ឬមកទីរួមខេត្តម្តងៗ ត្រូវប្រឈមនឹងនគរបាលចរាចរណ៍ និងមន្ត្រីជំនាញនៅតាមដងផ្លូវគោលដៅនីមួយៗ ចាប់ផាកឬពិន័យឱ្យធ្វើពន្ធនាំចូល និងស្លាកលេខនាំឱ្យពួកគាត់ជួបបញ្ហាជីវភាពគ្រួសារ។ ដូច្នេះពួកគាត់ក៏បានសំណូមពរទៅដល់ អាជ្ញាធរក្រុង ស្រុក ខេត្ត  និងមន្ត្រីមានសមត្ថកិច្ច ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មេត្តាជួយដោះស្រាយនិងសម្រួលដល់ពួកគាត់ផង ដែលគ្មានថវិកាច្រើនទិញម៉ូតូថ្លៃមានពន្ធត្រឹមត្រូវ មានលទ្ធភាពត្រឹមតែទិញម៉ូតូអត់ពន្ធធូរថ្លៃយកមកប្រើដែលពួកគាត់បានទិញមកប្រើរួចហើយនោះ។ បើបង់ពន្ធក៏សូមមេត្តាយោគយល់ធូរថ្លៃ ក្រែងពួកគាត់មានលទ្ធភាព៕

ដោយ៖ មាស សុផាត


ចែករំលែក៖