ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនជនសង្ស័យម្នាក់ទៅតុលាការពាក់ព័ន្ធគាស់គន្លឹះទ្វារចូលទៅរំលោភសេពសន្ថវ:នារីម្នាក់មិនបានសម្រេច

ចែករំលែក៖

ខេត្ត​បាត់ដំបង​ ៖​ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនខេត្តបាត់ដំបង កាលពីថ្ងៃទី៦ខែមករាឆ្នាំ២០២២ បានបញ្ជូនបុរស​ម្នាក់ទៅសាលាដំបូងខេត្តពាក់ព័ន្ធ​ករណី​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​លើ​នារី​ម្នាក់​ដែលកំពុង​សម្រាក​នៅ​កន្លែងធ្វើការ​ តែ​មិន​បាន​សម្រេច​ ។​

 មន្រ្តីនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនខេត្តបាត់ដំបង បានឲ្យដឹងថា ​ករណី​នេះ​កើតឡើង​នៅ​ថ្ងៃ​ទី​០៥​ ខែមករា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​០០​និង​១៦​នាទី​ រំលងអធ្រាត្រឈាន​ចូល​ថ្ងៃ​ទី​០៦​ ខែមករា​ ឆ្នាំ​២០២២​ ត្រង់​ចំណុច​ក្រុម​ទី​១​ ភូមិ​ដុប​ក្រសាំង​ ឃុំ​ព្រៃតូច​ ស្រុក​មោងឫស្សី​ ខេត្តបាត់ដំបង​ ។​

ជនសង្ស័យ​ឈ្មោះ​ សុ​ន​ វិសាល​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ថ្នល់​បត់​ ឃុំ​ភ្នំ​តូច​ ស្រុក​ មង្គលបុរី​ ខេត្តបន្ទាយមានជ័យ​ បាន​ធ្វើ​សកម្មភាព​យក​ទួណឺវី​ស​មួល​វី​ស​ជញ្ជាំង​កុង​ផ្លា​កេ​រួច​យកដៃ​ឆ្កឹះ​គន្លឹះទ្វារ​ចូល​ទៅ​ក្នុង​បន្ទប់​ប៉ុនប៉ង​រំលោភ​នារី​ម្នាក់​ឈ្មោះ​ ឈ​.​វ​.ម​ អាយុ​២២​ឆ្នាំ​ មាន​ទីលំនៅឃុំ​អន្លង់​វិល​ ស្រុក​សង្កែ​ ខេត្តបាត់ដំបង​ (​បច្ចុប្បន្ន​ស្នាក់​នៅ​ធ្វើការ​កន្លែង​កើតហេតុ​ខាងលើ​)​។ សកម្មភាពរបស់ជនសង្ស័យខាងលើនេះបានធ្វើឲ្យជន​រង​គ្រោះ​ភ្ញាក់​ដឹងខ្លួន​ទាន់ក៏ស្រែកឆោឡោឲ្យគេ​ជួយ​។ដោយមានការភ្ញាក់ផ្អើលយ៉ាងនេះ ជនសង្ស័យ​ខាងលើ​បាន​ចូល​ទៅ​ដេក​ក្នុង​បន្ទប់​របស់​ខ្លួន​វិញ​ ។​

ប្រភពដដែលបានឲ្យដឹងទៀតថាបន្ទាប់​ពី​ទទួល​ព័ត៌មាន​នេះភ្លាម កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រៃតូច​ សហការ​ជាមួយ​កម្លាំង​ផ្នែក​នគរបាល​យុត្តិធម៌​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​មោងឫស្សីបាន​ចុះ​ដល់​កន្លែង​កើតហេតុ​ និង​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​មោងឫស្សី​ដើម្បី​សាកសួរ​ ។​

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា​ ខ្លួនគេពិតជាមានបំណងធ្វើសកម្មភាព​ប៉ុនប៉ង​ចាប់រំលោភ​ទៅ​លើ​ជន​រង​គ្រោះ​ប្រាកដ​មែន​ តែ​មិន​បាន​សម្រេច​ ៕

ដោយ ៖ ប្រាថ្នា


ចែករំលែក៖