ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាជោកជាំ បានបើករថយន្តបោះពួយយ៉ាងលឿនហើយបានរេចង្កូតទៅបុកសួនច្បារពុះចែកទ្រូងផ្លូវ និងហោះទៅបុកឡំប្រឺតាដែលម្ចាស់ចតស្ងៀមបណ្ដាលឱ្យក្រឡាប់ផ្ងារជើងម្ខាង ហើយដោយរថយន្តមិនទាន់អស់ល្បឿនក៏បន្តទៅបុកបង្គោលភ្លើងបណ្ដាលឱ្យរថយន្តក្រឡាប់ធ្លាក់ចូលទឹកប្រឡាយរងការខូចខាតយ៉ាងខ្លាំង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃសុក្រ ទី៧ ខែមករា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១៧ ត្រង់ចំណុចជិតផ្សារព្រែកជ្រៃ ក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
បេីតាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តTACOMA ពាក់ស្លាកលេខ ភ្នំពេញ2AP -6882 ដោយបើកបរក្នុងស្ថានភាពស្រវឹងស្រាជោកជាំពីត្បូងទៅជើងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើដោយផ្លូវរាងកោងផងនោះក៏ជ្រុលទៅបុកសួនច្បារពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឱ្យហោះឆ្លងផ្លូវទៅបុកឡំប្រឺតាមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខព្រៃវែង1P -9744 បើកដោយបុរសម្នាក់កំពុងឈប់ចាក់សាំងពេញទំហឹងបណ្ដាលឱ្យប៉ើងជាច្រើនត្រឡប់ក្រឡាប់ផ្ងារជើងច្រងាងៗនិងធ្វេីឱ្យម្ចាស់ឡំប្រឺតារងរបួសបែកក្បាលផងដែរ ។ ដោយឡែករថយន្តបង្កនៅមិនទាន់អស់ល្បឿនក៏បានទៅបុកបង្គោលភ្លើងបាក់អស់១ដើមទៀតធ្វេីឱ្យរថយន្តវិលមួយជុំក្រឡាប់គូទចូលប្រឡាយទឹក តែ សំណាងណាស់ដែលម្ចាស់រថយន្តរងរបួសស្រាលហើយបានលូនចេញពីក្នុងកាប៊ីនរថយន្តទាំងស្រវឹងមកអង្គុយស្ងៀម។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុហើយទាក់ទងបន្តទៅសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឱ្យមកធ្វេីការវាស់វែងយករថយន្តបង្កនិងឡំប្រឺតាទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ ៕
ដោយ ៖ ជីម ភារ៉ា