ភ្នំពេញ៖ បើតាមការបញ្ជាក់ពីលោក ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង ដែលបានបង្ហោះនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកនៅព្រឹកថ្ងៃសុក្រទី០៧ ខែមករា ឆ្នាំ២០២២នេះ ដោយបានអបអរសាទរ ទិវាបុណ្យជ័យជម្នះ៧មករា ១៩៧៩-៧មករា ២០២២ ខួបលើកទី៤៣។ លោកបាន គូសបញ្ជាក់ថា៖ “ខ្ញុំបាទ សូមរម្លឹកដល់យុវជនជំនាន់ក្រោយទាំងអស់ គួរចងចាំថាថៃ្ងជ័យជម្នះ៧មករាគឺជាថៃ្ងប្រវត្តិសាស្រ្ត ដែលប្រជាជនកម្ពុជាបានរួចផុតពីការកាប់សម្លាប់នៃរបបខ្មែរក្រហមដ៏ជូរចត់ និងមានជីវិតថ្មីជាលើកទី២”។
គុណបំណាច់នៃថៃ្ងជ័យជម្នះ ៧មករា បានប្រែក្លាយពីវាលពិឃាតនៃរបបប្រល័យពូជសាសន៍ ពីសង្រ្គាមរ៊ាំរ៉ៃ រាប់ទសវត្សរ៍ ការបែកបាក់ជាតិ ការបែងចែកទឹកដីឱ្យក្លាយជាប្រទេសមួយដែលមានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍតាំងពីបាតដៃទទេរហូតដល់មានការរីកចម្រើនលើគ្រប់វិស័យ និងធ្វើឱ្យប្រជាជនមានជីវភាពធូរធារ និងមានកំណើនសេដ្ឋកិច្ចកើនឡើងឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំមកដល់បច្ចុប្បន្ននេះដែលធ្វើឱ្យប្រទេសលើពិភពលោកមានការកោតសរសើរគ្រប់ៗគ្នា។
លោក ជា សុមេធី បានបន្ថែមថា សាជាថ្មីម្តងទៀត ខ្ញុំបាទក៏ដូចជាយុវជនជំនាន់ក្រោយផ្សេងទៀត សូមប្តេជ្ញាចិត្តរួមសាមគ្គីគ្នា ការពារឱ្យបានរឹងមាំស្ថិតស្ថេរ និងរីកចម្រើនថែមទៀតនូវសមិទ្ធផល ៧មករា និងប្តេជ្ញាបន្តអនុវត្តឱ្យបានជោគជ័យនូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលដែលមាន សម្តេចតេជោហ៊ុនសែន ជាប្រមុខដឹកនាំ៕
ដោយ៖ស តារា