ក្លិប Bayern Munich បានស្នើសុំឱ្យការប្រកួតក្របខ័ណ្ឌ Bundesligaរបស់ពួកគេជាមួយក្រុម Borussia Monchengladbach នៅថ្ងៃសុក្រនេះត្រូវពន្យារពេលដោយសារកើតមានករណីឆ្លង COVID-19 នៅក្នុងក្រុម។
ក្រុម Bayern Munich មានកីឡាករក្រុមដំបូងចំនួន៨នាក់បានធ្វើតេស្តវិជ្ជមាន បន្ថែមពីលើកីឡាករផ្សេងទៀតដែលរងរបួស ឬនៅចូលរួមជាមួយក្រុមជម្រើសជាតិក្នុងពានរង្វាន់ Africa Cup of Nations។ ច្បាប់ Bundesliga អនុញ្ញាតឱ្យមានការស្នើសុំពន្យារពេលប្រសិនបើក្រុមណាមួយមានអ្នកលេងតិចជាង១៦នាក់ រួមទាំងអ្នកចាំទីយ៉ាងហោចណាស់ម្នាក់។
ក្រុម Bayern មិនទាន់បញ្ជាក់ជាផ្លូវការថា ពួកគេបានធ្វើសំណើបែបនេះទេ ហើយប្រធានផ្នែកកីឡាក្រុម Moncheng លោក Max Eberl ជឿជាក់ថា ការប្រកួតនឹងទៅមុខ។ លោក Eberl បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរបស់គាត់កាលពីថ្ងៃពុធថា “Bayern Munich ចង់ពន្យារពេលការប្រកួត ប៉ុន្តែនោះជាបញ្ហាសម្រាប់ Bundesliga ក្នុងការសម្រេចចិត្ត។ យើងកំពុងរៀបចំខ្លួនយើងជាធម្មតា យ៉ាងណាក៏ដោយទាំង Bayern Munich និងខ្លួនយើង មានកីឡាករមួយចំនួនបាត់បង់ហើយយើងជឿថាការប្រកួតនឹងត្រូវលេងនៅថ្ងៃសុក្រ”។
ករណីវិជ្ជមាន COVID-19 ទៅលើកីឡាករក្រុម Bayern មានដូចជា កីឡាករ Manuel Neuer, Lucas Hernandez, Dayot Upamecano, Tanguy Nianzou, Omar Richards, Corentin Tolisso, Kingsley Coman និង Leroy Sane។
ទន្ទឹមនឹងនេះដែរកីឡាករ Eric-Maxim Choupo Moting និង BounaSarr នៅជាមួយក្រុមជម្រើសជាតិរបស់ពួកគេមុនការប្រកួត Africa Cup of Nations ខណៈដែល Josip Stasinic និង Leon Goretzka មានបញ្ហារបួស។ រីឯកីឡាករ Nilkas Sule ក៏អវត្តមានពីការហ្វឹកហាត់ផងដែរកាលពីថ្ងៃពុធ ប៉ុន្តែមិនមានហេតុផលណាមួយត្រូវបានបញ្ជាក់នៅក្នុងការបង្ហាញខ្លួនរបស់គាត់នោះទេ។
សូមបញ្ជាក់ថា ក្រុមខ្លាំង Bayern Munich មាន៩ពិន្ទុនាំមុខក្រុមBorussia Dortmund នៅលើកំពូលនៃក្របខ័ណ្ឌកំពូលអាល្លឺម៉ង់Bundesliga ប៉ុន្តែត្រូវបានចាញ់ក្រុម Moncheng ក្នុងពានរង្វាន់អាល្លឺម៉ង់DFB-Pokal ក្នុងលទ្ធផល ៥-០ កាលពីខែតុលា។ ចំណែកក្រុមMoncheng កំពុងឈរលេខរៀងទី១៤ មាន១៩ពិន្ទុ ក្នុង១៧ប្រកួតដែលក្រុមនេះលើសតែ២ពិន្ទុប៉ុណ្ណោះពីក្រុមដែលត្រូវកាត់ចោល ៕
ដោយ៖ ភារៈ(រូបភាព ៖ MARCA)