ក្នុងរយៈពេល១សប្តាហ៍ដើមឆ្នាំ២០២២នេះ ពិភពលោកមានករណីឆ្លងកូវីដ-១៩ កើនឡើងរហូតដល់ទៅ៧១% បើប្រៀបធៀបនឹងមួយសប្តាហ៍មុន។ ចំណែកករណីស្លាប់ដោយកូវីដ-១៩ បែរជាថយចុះទៅវិញ គឺថយចុះរហូតដល់ទៅ១០%។ ព័ត៌មានខាងលើត្រូវបានអង្គការសុខភាពពិភពលោកប្រកាសនៅថ្ងៃទី៦ខែមករា ឆ្នាំ២០២២។
ពិភពលោកមានករណីឆ្លងកូវីដ-១៩ថ្មីក្នុងមួយសប្តាហ៍កន្លងមកមានជាង៩,៥លាននាក់ ដែលគេចាត់ទុកថាជា«រលកស៊ូណាមិកូវីដ-១៩»។ ប៉ុន្តែចំនួនអ្នកស្លាប់ដោយកូវីដ-១៩វិញបានថយចុះខ្លាំងដោយសារតែពលរដ្ឋបានចាក់វ៉ាក់សាំងច្រើន ទោះបីឆ្លងកូវីដ-១៩ ក៏មិនធ្លាក់ខ្លួនឈឺធ្ងន់ហើយឈានដល់ស្លាប់នោះដែរ ។ ក្នុងចំណោមករណីស្លាប់ភាគច្រើនគឺជាអ្នកមិនទាន់ចាក់វ៉ាក់សាំង ។
ក្នុងចំណោមករណីឆ្លងថ្មី គឺអាមេរិក មានច្រើនជាងគេ ដោយនៅក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ មនុស្សសរុបរហូតដល់ទៅ ៧៥១,៥១២នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈដែលអ្នកជំងឺ ២,១៤៣នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឱ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៥៩,៥៦៤,១១៦ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៨៥៥,៨៤៣នាក់ និងជាសះស្បើយឡើងសរុបជាង ៤២.០១លាននាក់។ សម្រាប់ចំនួនប្រជាជនសរុបដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។
អ្នកវិទ្យាសាស្ត្រជាន់ខ្ពស់នៃក្រុមហ៊ុនអាមេរិក Pfizer បាននិយាយថា ទិន្នន័យចុងក្រោយនៃការធ្វើតេស្តវ៉ាក់សាំងបង្ការ COVID-19 ក្រោមកិច្ចសហការជាមួយក្រុមអាល្លឺម៉ង់ BioNTech លើកុមារមានអាយុក្រោម ៥ឆ្នាំ អាចនឹងរួចរាល់ ឬចេញផ្សាយនៅខែមេសាខាងមុខនេះ ហើយក្រុមហ៊ុនក៏កំពុងសិក្សាស្រាវជ្រាវពី «វ៉ាក់សាំងដូសទី ៣» សម្រាប់កុមារមានអាយុពី៥ឆ្នាំ ដល់១១ឆ្នាំ ដែលបានចាក់វ៉ាក់សាំងបង្ការដូសទី២ រយៈពេល ៦ខែកន្លងទៅផងដែរ។
គិតត្រឹមថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួនជាង ៥១៤លានដូស ក្នុងនោះប្រជាជន ២៤៥.២៧លាននាក់ (៧៤.៤% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស, ២០៥.២លាននាក់ (៦២.៣% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស និង ៧២.១៤លាននាក់ (២១.៩% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់ដូសជំរុញ៕ ដោយ៖ធីរីណា
រូបថត៖TTXVN