ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហាយប្រ៊ីដបុកជាមួយរថយន្តកូរ៉េដឹកទំនិញបណ្តាលឱ្យក្រឡាប់បង្កការភ្ញាក់ផ្អើលទាំងថ្ងៃ

ចែករំលែក៖

ភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយសារតែរថយន្តកូរ៉េដឹកទំនិញបុកជាមួយរថយន្តកាមរីហាយប្រ៊ីដបណ្តាលឱ្យរថយន្តកូរ៉េក្រឡាប់ផ្ងារជើង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២០១១ កែងច្រកចូលចម្ការព្រីង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនដំបូងគេបានឃើញរថយន្តកាមរីហាយប្រ៊ីដ ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2R-9919 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណមានទិសដៅពីកើតទៅលិចពេលបើកមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តកូរ៉េដឹកទំនិញមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2J-9532 បើកបរក្នុងទិសដៅពីលិចទៅកើត ពេលមកដល់ចំណុចផ្លូវបំបែកបានបុកគ្នាបណ្តាលឱ្យរថយន្តកូរ៉េក្រឡាប់ផ្ងារជើងតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខបានចុះមកដល់កន្លែងកើតហេតុនិងឱ្យស្ទូចរថយន្តដាក់អែបកៀនដើម្បីឱ្យភាគីទាំងសងខាងធ្វើការដោះស្រាយគ្នាមួយជំហានសិន៕

ដោយ៖និនសុភ័ស្ត


ចែករំលែក៖