យ៉ាងយោចណាស់ក៏មានមនុស្ស២១នាក់ស្លាប់ដោយសារតែត្រជាក់កកក្រោយពីរថយន្តជាប់គាំងក្នុងអាកាសធាតុត្រជាក់ធ្លាក់ព្រិលខ្លាំងនៅតាមផ្លូវទៅកាន់តំបន Murree ដែលជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញនៅក្នុងប្រទេសប៉ាគីស្ថាន។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប៉ាគីស្ថាន លោក Sheikh Rashid បានឱ្យដឹងថា មានអ្នកទេសចរកើនឡើង
ខ្ពស់មិនធ្លាបមានក្នុងរយៈពេលពី១៥-២០ឆ្នាំកន្លងមក បានទៅកម្សាន្តនៅតំបន់ Murree បង្កឱ្យមានវិបត្តិទ្រង់ទ្រាយធំ។
ប្រព័ន្ធផ្សព្វផ្សាយប៉ាគីស្ថានបានផ្សាយថា មានអ្នកទេសចរដល់ទៅ១៤០ពាន់នាក់បានទៅកាន់ស្រុក Murree ដើម្បីទស្សនាព្រិលធ្លាក់។ តាមបញ្ជីឈ្មោះដែលក្រុមជួយសង្គ្រោះបានលើកឡើងថា មានកុមារ៩នាក់ក្នុងចំណោម២១នាក់ស្លាប់។
ក្នុងពេលជាមួយគ្នានេះដែរមន្ត្រីរដ្ឋាភិបាលអ៊ិស្លាមម៉ាបាត និង Rawalpindi បានសហការជាមួយកម្លាំងជួយសង្គ្រោះរថយន្តប្រមាណ១ពាន់គ្រឿងដែលជាប់គាំងដោយសារធ្លាក់ព្រិលខ្លាំង។ រថយន្តឈូសព្រិលជាច្រើនគ្រឿងក៏បានបញ្ជូនទៅរៀបចំបោសសម្អាតព្រិលផងដែរ។ ពលរដ្ឋនៅក្នុងតំបន់ Murree បានជួយឧបត្ថម្ភដល់អ្នកទេសចរជាប់គាំងដោយផ្តល់អាហារ ភួយសម្រាប់រក្សាកម្តៅ៕ដោយ៖ធីរីណា
រូបថត៖Dawn