ខេត្តពោធិ៍សាត់ ៖ បើយោងតាមប្រភពព័ត៌មានពីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃអាទិត្យទី០៩ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ទឹកធ្លាក់ច្រកល្អៀងស្ថិតនៅឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ សហគមន៍មូលដ្ឋានជូនភ្ញៀវដើរព្រៃ មើលសត្វ បោះតង់ និងលក់ម្ហូបអាហារ ភេសជ្ជៈដើម្បីមានជីវភាពក្សេមក្សាន្ត ហើយពួកគាត់ចូលរួមការពារធនធានធម្មជាតិ។
មានបន្ទប់អនាម័យ ទឹកស្អាត ភ្លើង ផ្លូវដើរ តូបអង្គុយហូបអាហារ អង្រឹងគេង តូបលក់អាហារ ភេសជ្ជៈ និងកន្លែងចតឡានធំទូលាយរៀបចំដោយសហគមន៍។
ក្រៅពីទឹកធ្លាក់ត្រជាក់ចិត្ត និងផ្ទាំងថ្មធំៗ ទីនេះមានដើមឈើនិងពពួករុក្ខជាតិច្រើនប្រភេទ វាលស្មៅខៀវខ្ចី មានសត្វទន្សោង ដំរីអាស៊ី ខ្ទីង ស្វាព្រាម ខ្លារខិន ខ្លាឃ្មុំធំ ខ្លាឃ្មុំតូច ប្រើស ជ្រូកពោន តេះ កំប្រុកធំ ក្ងោក កេងកងតូច ជាដើម។
អ្នកភូមិរស់នៅទីនេះភាគច្រើនប្រកបមុខរបរធ្វើស្រែ ចម្ការ និងលក់ដូរ។ កូនអ្នកភូមិស្អាតៗ ហើយនារីស្រឡាញ់ប្តីខ្លាំង មានដំបូក«យាយចាំតា»ជាភស្តុតាងនៅទឹកធ្លាក់ច្រកល្អៀង។ មានរឿងអ្នកស្រុកដំណាលថា ល្អៀងក្លាយមកពីពាក្យ «តាអៀង»ដែលចេះមន្តអាគម្តគាថា រត់គេចពីការតាមចាប់ខ្លួនរបស់បារាំង(សម័យអាណានិគម)ទៅពួនម្តុំព្រៃភ្នំទឹកធ្លាក់នោះ ហើយយាយតែងតែយកបាយមកដាក់លើដំបូកទុកឱ្យតាមកទទួលយកទៅហូប។
សូមគោរពជូនពរមិត្តអ្នកអាននូវសុខភាពល្អ សុភមង្គលក្នុងក្រុមគ្រួសារ និងមានអាយុយឺនយូរ៕
ដោយ៖សហការី