ខេត្តបាត់ដំបង ៖ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានណែនាំឱ្យឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ប្រឹងប្រែងរកកិច្ចការ សម្របសម្រួលជាមួយអាស៊ាន ដើម្បី អនុវត្តន៍បទឈប់បាញ់នៅមីយ៉ាន់ម៉ា។
សម្តេចតេជោលើកឡើងថា, ការអញ្ជើញទៅប្រទេសមីយ៉ាន់ម៉ា មិនធ្វើការអ្វីលើសពីគោលការណ៍អាស៊ានទេ គឺ៥ចំណុចរបស់អាស៊ាន និងធម្មនុញ្ញអាស៊ាន ។
សម្ដេចតេជោ ហ៊ុន សែន ស្នើជប៉ុន ជួយ ផ្តល់ការគាំទ្រផ្នែកសម្ភារ និងបច្ចេកទេស សម្រាប់ប្រតិបត្តិការផ្ដល់ជំនួយ មនុស្សធម៌នៅមីយ៉ាន់ម៉ាផងដែរ ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សកម្មភាពនេះមិនមែនជាការជ្រៀតជ្រែក របស់មីយ៉ាន់ម៉ានោះទេ តែជាការជួយ សម្របសម្រួលតែប៉ុណ្ណោះ។ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះ ក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវប្រវែង៨៤,៧៤គ.ម នៃគម្រោងធ្វើឲ្យប្រសើរឡើងវិញផ្លូវជាតិលេខ៥ (បាត់ដំបង-សិរីសោភ័ណ) ក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលជប៉ុន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រតិកម្មនានានឹងដំណើរទស្សនកិច្ចរបស់ សម្ដេចទៅមីយ៉ាន់ម៉ា គឺជាក្រុមប្រឆាំងនៅកម្ពុជា រួមជាមួយពលរដ្ឋមីយ៉ាន់ម៉ា។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេចមិនទោមនស្សចំពោះការប្រតិកម្ម របស់ពលរដ្ឋមីយ៉ាន់ម៉ាមួយចំនួនចំពោះ ការប្រឹងប្រែងរបស់សម្ដេចលើវិបត្តិ មីយ៉ាន់ម៉ានោះទេ តែជាការជួយឱ្យ ពលរដ្ឋមីយ៉ាន់ម៉ា ចៀសផុតពី ភ្លើងសង្រ្គាម។
សម្តេចតេជោ ហ៊ុន សែន បានថ្លែង ទៅកាន់ពលរដ្ឋមីយ៉ាន់ម៉ាថា កម្ពុជា ឆ្អែតឆ្អន់ហើយលើការបែកបាក់ និង ភ្លើងសង្រ្គាម។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា លោក មីង អោងឡាំង បើកចិត្តទូលាយ ឱ្យចែកជំនួយមនុស្សធម៌ទៅគ្រប់ភាគី រួម ទាំងអ្នកប្រឆាំងលោកផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ខាងមុខនេះ សម្តេច និងភរិយា នឹងចាក់វ៉ាក់សាំងកូវីដ១៩ដូសជំរុញ ឬដូសទី៤ មុននឹងសម្តេចធ្វើដំណើរទៅឌូបៃ៕
ដោយ ៖ សិលា