ព័ត៌មានទាន់ហេតុការណ៍៖

ជប៉ុនគាំទ្រ ដំណើរទស្សនកិច្ចផ្លូវការ របស់សម្ដេចតេជោហ៊ុន សែន ទៅប្រទេសមីយ៉ាន់ម៉ាកាលពីចុងសប្ដាហ៍មុន !

ចែករំលែក៖

ខេត្តបាត់ដំបង៖ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាលោក មីកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) បាន ថ្លែងថាប្រទេសជប៉ុនមានការប្តេជ្ញាក្នុងការជួយដល់ ប្រទេសកម្ពុជាក្នុងការដឹកនាំអាស៊ានឆ្នាំ២០២២នេះឱ្យ បានជោគជ័យ ក្នុងន័យនេះលោកបានសំដែងនូវការ គោរពចំពោះដំណើរទស្សនកិច្ចរបស់សម្ដេចតេជោដែល បានជម្នះធ្វើដំណើរទៅប្រទេសមីយ៉ាន់ម៉ានិងបានផ្តួចផ្តើម នូវគំនិតធ្វើឱ្យមានការកែលម្អស្ថានភាពក្នុង ប្រទេសមីយ៉ានម៉ាផងដែរ។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវ ជាតិលេខ៥ ដែលភ្ជាប់រវាងខេត្តបាត់ដំបង ទៅក្រុងសេរី សោភ័ណនៃខេត្តបន្ទាយមានជ័យ លោក មីកាមិ ម៉ាសាហ៊ីរ៉ូ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ បាន ថ្លែងថា៖ «ខ្ញុំសូមសំដែងនូវការគោរពចំពោះសម្តេចតេជោ នាយករដ្ឋមន្ត្រីសម្រាប់ដំណើរទស្សនកិច្ចភ្លាមៗរបស់ សម្ដេចទៅកាន់ប្រទេសមីយ៉ាន់ម៉ានិងបានផ្តួចផ្តើមគំនិត ក្នុងការស្តារនូវស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ផងដែរ។ ប្រទេសជប៉ុនមានបំណងផ្តល់កិច្ចសហប្រតិបត្តិការណ៍យ៉ាងមុះមុតដើម្បីឱ្យកម្ពុជាមានជោគជ័យក្នុងនាម ជាប្រធានអាស៊ាន» ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា  បានធ្វើ ដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ាដើម្បីជួបមេដឹកនាំ យោធា មីន អោងលាំង នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ ដោយថាដើម្បីជួយរកដំណោះស្រាយភាពជាប់គាំងនៅ ក្នុងប្រទេសនេះ ក៏ដូចជានាំប្រទេសមីយ៉ាន់ម៉ាត្រលប់មក អាស៊ានវិញផងដែរ។

ក្នុងជំនួបមេដឹកនាំយោធាមីយ៉ាន់ម៉ាលោក មីន អោង លាំង បានសន្យានឹងសម្ដេចតេជោហ៊ុន សែន ថា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ានឹងពន្យាបទឈប់បាញ់រហូត ដល់ដំណាច់ឆ្នាំ២០២២ សម្រួលដំណើរការទទួលយក ជំនួយពីអាស៊ាន ព្រមទាំងសម្របសម្រួលឱ្យប្រេសិត ពិសេសអាស៊ានក្នុងដំណើរទស្សនកិច្ចមកមីយ៉ាន់ម៉ាឱ្យ បានទៅជួបជាមួយភាគីពាក់ព័ន្ធទាំងអស់នៃជម្លោះក្នុង ប្រទេសរួមទាំងអង្គការប្រដាប់អាវុធជនជាតិភាគតិច ផងដែរ។

សម្តេចតេជោបញ្ជាក់ជាថ្មីថា គម្ពីរចំនួន២ ដែលសម្តេចយកទៅចរចាជាមួយ មីយ៉ាន់ម៉ាកន្លងទៅគឺ កុងសង់ស៊ីស៥ចំនុចរបស់អាស៊ាន និង ធម្មនុញ្ញអាស៊ាន ខណៈគោលបំណងសំខាន់៣យ៉ាងគឺ ទី១. បទឈប់បាញ់ , ទី២. ការផ្តល់ជំនួយ និងទី៣ ការសន្ទនា។

ដោយឡែក សម្តេចតេជោ ហ៊ុន សែន បានប្រាប់អតីត អគ្គលេខាធិការអាស៊ាន ដែលជាជនជាតិ សិង្ហបុរីថា គោលការណ៍ឯកឆន្នរបស់ អាស៊ាន ៥ចំណុច ចំពោះបញ្ហានៅ មីយ៉ាន់ម៉ា មិនមាននិយាយពីរឿង បោះឆ្នោតនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា កំពុងស្ថិតនៅក្នុងស្ថានភាពធ្វើក៏ខុស មិនធ្វើក៏ខុស ចំពោះបញ្ហារបស់ មីយ៉ាន់ម៉ា។ ដូច្នេះធ្វើប្រសើរជាងមិនធ្វើ៕

ដោយ ៖ សិលា


ចែករំលែក៖