ព័ត៌មានទាន់ហេតុការណ៍៖

ឡើងលើបង្គោលភ្លើងដើម្បីលួចកាត់ខ្សែភ្លើងចាស់ៗបណ្ដាលឱ្យឆក់រងរបួសធ្ងន់នៅខណ្ឌមានជ័យ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានឡើងលើបង្គោលភ្លើងដើម្បីលួចកាត់ខ្សែភ្លើងចាស់ៗស្រាប់តែកាត់ចំខ្សែភ្លើងដែលមានចរន្តអគ្គិសនីបណ្ដាលឱ្យឆក់រងរបួសយ៉ាងធ្ងន់ធ្ងរ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៥០នាទីព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវសឡា ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់មិនស្គាល់អត្តសញ្ញាណបានឡើងទៅលើបង្គោលភ្លើង រួចបានអង្គុយកាត់ខ្សែភ្លើងចាស់ៗ ដោយប្រជាពលរដ្ឋមិនមានការសង្ស័យអ្វីនោះទេ ព្រោះស្មានតែខាងជាងភ្លើងឡើងទៅជួសជុលប្រអប់ភ្លើង។ លុះបានមួយសន្ទុះក្រោយមក ស្រាប់តែឃើញមានបែកផ្កាភ្លើង ហើយឆក់បុរសខាងលើនោះជាប់នៅនឹងបង្គោលភ្លើងតែម្ដង។ ភ្លាមៗនោះប្រជាពលរដ្ឋបានទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋានដើម្បីឱ្យចុះមកជួយធ្វើអន្តរាគមន៍។

ក្រោយសមត្ថកិច្ចមូលដ្ឋានបានមកដល់ក៏បានទំនាក់ទំនងទៅខាងEDCឱ្យចុះមកបិទចរន្តអគ្គិសនី និងជួយសង្គ្រោះបុរសខាងលើដោយបានលើកចុះមកក្រោម ហើយបានទំនាក់ទំនងហៅរថយន្តសង្គ្រោះបន្ទាន់មកដឹកបុរសនោះយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ៕

ដោយ៖និន សុភ័ស្ត


ចែករំលែក៖