ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុនសែន បានអំពាវនាវ ឲ្យពលរដ្ឋទៅចាក់វ៉ាក់សាំងដូសជំរុញ ក្រោយ រកឃើញករណីឆ្លងអូមីក្រុងក្នុងសហគមន៍ ១០ករណីបន្ថែមទៀត ខណ:នាំចូល២៤ ករណី

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា  បានថ្លែងថា នៅថ្ងៃនេះកម្ពុជារកឃើញករណីឆ្លងអូមីក្រុង ចំនួន ៣៤ ករណីបន្ថែមទៀតក្នុងនោះ ១០ ករណីជា ករណីក្នុងសហគមន៍ ហើយ២៤ករណីនាំចូល។ 

ថ្លែងតាមរយៈសារសំឡេងមានរយៈពេល ៨ នាទី សម្តេចតេជោ បានលើកឡើងថា វិធានការចាំបាច់នាពេល នេះគឺ ៣កុំ ៣ការពារ និងជំរុញល្បឿននៃការចាក់វ៉ាក់ សាំងដូសជំរុញដើម្បីធានាថាសហគមន៍មានភាពរឹងមាំ សូមអោយបងប្អូនប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងទាំងអស់គ្នា ។

សម្ដេចក៏បានបញ្ជាក់ផងដែរថា៖ «គណៈកម្មការចំពោះ កិច្ចសម្រាប់ការចាក់វ៉ាក់សាំងបានចែកជូនវ៉ាក់សាំង ទៅតាមបណ្តាខេត្តរួចទៅហើយដែរ ។  វ៉ាក់សាំង ប្រភេទណាក៏ដោយតម្រូវការបញ្ហាសំខាន់គឺត្រូវមានគ្រប់ គ្រាន់ដើម្បីចាក់ បន្ថែមលើនោះអ្វីដែលសំខាន់ជាងគេ នោះគឺ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវតែពង្រឹង និងយកចិត្ត ទុកដាក់ទៅលើការប្រមូលមនុស្សមកចាក់ឲ្យបានគ្រប់ៗ គ្នាដែលដូសជំរុញដើម្បីជាវិធានការទប់ស្កាត់ជាមួយនឹង មេរោគបំប្លែងថ្មីនេះ» ។

ទោះបីយ៉ាងណាក៏ដោយសម្ដេចក៏បានបញ្ជាក់ថា លក្ខ ខណ្ឌនៃការទទួលបានដូសទីបីគឺត្រូវតែជាលក្ខខណ្ឌដែល អនុវត្តទៅតាមស្តង់ដារសុខាភិបាលដែលបានបញ្ជាក់ គឺបួនខែក្រោយពីទទួលដូសទីពីរ បើមិនទាន់បានបួនខែ ទេគឺអាជ្ញាធរសុខាភិបាលឬគ្រូពេទ្យ នឹងមិនទទួល ចាក់ជូនទេព្រោះមិនធានានូវសុវត្ថិភាព។

គួរបញ្ជាក់ផងដែរថា គិតមកត្រឹមពេលនេះប្រទេសកម្ពុជា បានរកឃើញករណីឆ្លងកូវីដ ១៩ បំលែងខ្លួនថ្មីអូមីក្រុង ក្នុងសហគមន៍ចំនួន ១៤ករណីហើយ។

ដោយឡែកនៅព្រយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានមានប្រសាសន៍ថា, ខ្ញុំសូមធ្វើការប្រកាសក៏ដូចជាអំពាវនាវ ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងនាមគណៈកម្មាធិការចំពោះកិច្ចចាក់វ៉ាក់សាំង covid 19 ក្នុងក្របខ័ណ្ឌទូទាំងប្រទេស គឺសូមបងប្អូនប្រជាពលរដ្ឋ ពូ អ៊ំ មា មីង ទាំងអស់អញ្ជើញ មកចាក់វ៉ាក់សាំង កូវីដ19 អ្នកដែលមិនទាន់ចាក់ដូសទី 1 សូមអញ្ជើញមកចាក់ អ្នកមិនទាន់បានចាក់វ៉ាក់សាំងដូសទី 2 ក៏អញ្ជើញមកចាក់ ពីព្រោះមន្ទីរសុខាភិបាលក៏ដូចជាអាជ្ញាធរ រាជធានី-ខេត្តទាំង 25 លោកបានចាត់ចែងរៀបចំចាត់តាំងទីតាំងចាក់ ជូនពរដល់បងប្អូនយើងនៅគ្រប់ទីកន្លែងទាំងអស់។ ដូច្នេះសូមអញ្ជើញបងប្អូនយើងអញ្ជើញមក ចាក់វ៉ាក់សាំងគ្រប់គ្នាដើម្បីចូលរួម ទប់ស្កាត់នៃការឆ្លងរាលដាលនៃជម្ងឺកូវីដ 19 ដើម្បីពង្រឹងនូវកងការពាររបស់ខ្លួន ជាពិសេស ក្នុងបរិបទប្រឆាំងទៅនឹងជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង ។ 

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បន្តថា, បន្ថែមលើនេះទៀតខ្ញុំសូមអនុញ្ញាត អំពាវនាវទៅដល់បងប្អូន ដែលមានបញ្ហាជំងឺប្រចាំកាយ ក៏ដូចជាស្ត្រីមានផ្ទៃពោះ ស្ត្រីដែលបំបៅកូនដោយទឹកដោះ សូមអញ្ជើញមកទទួលវ៉ាក់សាំងឲ្យបានគ្រប់គ្នា ពីព្រោះក្រុមនេះគឺជាក្រុមដែល ដែលត្រូវការទទួលយកនូវវ៉ាក់សាំង កូវីដ-19 ជាពិសេស អស់លោក ចំពោះការចាក់ដូសជំរុញ ឬដូសទីបីរបស់យើងនេះ។ ដូច្នេះខ្ញុំសង្ឃឹមថាបងប្អូនប្រជាពលរដ្ឋ នឹងអញ្ជើញមកចាក់នៅតាមទីតាំង មន្ទីរពេទ្យរដ្ឋរបស់យើង មន្ទីរពេទ្យជាតិ មិន្ទីពេទ្យខេត្តក៏ដូចជា មណ្ឌលសុខភាពដែលមានទូទាំងព្រះរាជាណាចក្រកម្ពុជារបស់យើងនេះ៕

ដោយ ៖ សិលា


ចែករំលែក៖