ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់បើករថយន្តកាមរីហាយប្រ៊ីដបុកខឿនផ្លូវនៅភ្លើងស្តុបឫស្សីផ្អែម​ រងការខូចខាតជាខ្លាំង

ចែករំលែក៖

ភ្នំពេញ​ ៖​ នារីម្នាក់បានបើករថយន្តកាមរីហាយប្រ៊ីដមួយគ្រឿងមិនប្រយ័ត្នជ្រុលទៅបុកខឿនថ្មពុះចែកផ្លូវបណ្ដាលឱ្យរថយន្តបែកម៉ាស៊ីនហូរប្រេងពេញខឿនទៅមុខលែងរួច​ ។ 

   ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២​ និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែមករា​ ឆ្នាំ២០២២​ ត្រង់ចំណុចភ្លើងស្តុបឫស្សីផ្អែម តាមបណ្តោយផ្លូវ៥០ម៉ែត្រ​ កែងនឹងផ្លូវ៣០ម៉ែត្រ ស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

    យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា​ មុនពេលកើតហេតុគេឃើញរថយន្តម៉ាកតូយ៉ូតា កាមរីហាយប្រ៊ីដមួយគ្រឿង​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2BO-0766ដែលបេីកបរដោយនារីម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ៥០ម៉ែត្រ​ពីកើតទៅលិចក្នុងល្បឿនលឿន​ ខណៈមកដល់ចំណុចកើតហេតុខាងលើដោយសារផ្លូវងងឹតផង​ រីឯខឿនចែកផ្លូវក៏មិនមានស្លាកសញ្ញាបង្ហាញផ្លូវ​ ព្រមទាំងអ្នកបើកបរមិនប្រយ័ត្នផងនោះ​ក៏ជ្រុលទៅបុកខឿនផ្លូវពេញទំហឹង បណ្ដាលឱ្យរថយន្តឡេីងលេីខឿនផ្លូវ​និងបែកម៉ាស៊ីនហូរប្រេងទៅមុខលែងរួច​ ដោយឡែកខឿនចែកផ្លូវរងការខូចខាតតិចតួច​ ។ 

    ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ​មិនបណ្ដាលឱ្យមនុស្សណាម្នាក់រងរបួសនោះទេ​ រីឯសមត្ថកិច្ចមូលដ្ឋានក្រោយកេីតហេតុភ្លាមៗក៏បានចុះមកពិនិត្យជាក់ស្ដែងនៅកន្លែងកើតហេតុដែរ​ តែដោយឃើញខឿនផ្លូវមិនមានការខូចខាតធ្ងន់ធ្ងរ ទើបឱ្យម្ចាស់រថយន្តហៅរថយន្តស្ទូចមកស្ទូចយកទៅជួសជុលដោយខ្លួនឯង៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖