ភ្នំពេញ ៖ ដើម្បីទប់ទល់នឹងការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទ អូមីក្រុង ក្នុងសហគមន៍, រាជរដ្ឋាភិបាល សូមធ្វើការណែនាំដល់ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង កូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស, គណៈអភិបាលរាជធានី-ខេត្ត និងយន្តការដែលមានការពាក់ព័ន្ធ ផ្សេងទៀត ព្រមទាំងប្រជាជនទូទៅ ដូចខាងក្រោម៖
ទី១-គណៈអភិបាលរាជធានី-ខេត្តទាំងអស់ ដោយសហការជាមួយគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង កូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងយន្តការដែលមានការពាក់ព័ន្ធ ត្រូវជំរុញ និងបង្កើនល្បឿននៃ ការចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាន ទាំងដូសជំរុញ ដែលជាខ្សែក្រវាត់ការពារទី១ និងជាយុទ្ធសាស្ត្រ គន្លឹះរបស់រាជរដ្ឋាភិបាល ក្នុងសមរភូមិប្រយុទ្ធនឹងជំងឺកវីដ-១៩ ជូនដល់ប្រជាជននៅក្នុងភូមិសាស្ត្រស្ថិតក្រោម សមត្ថកិច្ចរបស់ខ្លួន ឱ្យសម្រេចបានឆាប់រហ័ស ដើម្បីធានាឱ្យបាននូវភាពសុំសហគមន៍រឹងមាំពិតប្រាកដមួយ សំដៅទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់បណ្តាលមកពីការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង។
ទី២-គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ត្រូវបន្តពង្រឹងយន្តការ តាមដាន និងត្រួតពិនិត្យរបស់ខ្លួនលើវឌ្ឍនភាពនៃការអនុវត្តការងារចាក់វ៉ាក់សាំងកូវីដ-១៩ ប្រចាំថ្ងៃ ទាំងសម្រាប់ ក្របខណ្ឌរាជធានី-ខេត្តនីមួយៗដាច់ដោយឡែកពីគ្នា ទាំងសម្រាប់ក្របខណ្ឌទូទាំងប្រទេស ព្រមទាំងត្រូវ ពង្រឹងយន្តការឆ្លើយតបឱ្យបានទាន់ពេលវេលា ទាក់ទងនឹងការអនុវត្តការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាជន ជាក់ស្តែងនៅតាមមូលដ្ឋាន ជាពិសេស ការសម្របសម្រួលក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងឱ្យត្រូវទៅនឹងស្ថានភាព ជាក់ស្តែងនៅក្នុងមូលដ្ឋាននីមួយៗ និងការធានាផ្គត់ផ្គង់ឱ្យបានទាន់ពេលវេលា និងមិនត្រូវខ្វះវ៉ាក់សាំងជូនដល់ បណ្តារាជធានី-ខេត្ត។
ទី៣-គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស, អនុគណៈកម្មការ អប់រំ បណ្ដុះបណ្ដាល និងទំនាក់ទំនងសាធារណៈ និងគណៈអភិបាលរាជធានី-ខេត្តទាំងអស់ ត្រូវសហការគ្នា បង្កើនការយកចិត្តទុកដាក់ក្នុងការអប់រំ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយបន្ថែមទៀតអំពីភាពចាំបាច់ន ការចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ ដើម្បីឱ្យប្រជាជនមកទទួលការចាក់វ៉ាក់សាំង កូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា។
ទី៤-គណៈអភិបាលរាជធានី-ខេត្តទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការចាត់វិធានការចាំបាច់ នានា ក្នុងភូមិសាស្ត្រស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន ដើម្បីពង្រឹង និងជំរុញការអនុវត្តវិធានការ “៣កុំ ៣ការពារ”និងវិធានការសុវត្ថិភាពផ្នែកសុខាភិបាលផ្សេងទៀត ជាពិសេស ការពាក់ម៉ាស, ការរក្សាគម្លាតសុវត្ថិភាព និង ការធ្វើអនាម័យជាប់ជាប្រចាំ៕
ដោយ ៖ សិលា