ក្រុមហ៊ុនផលិតយន្តហោះអឺរ៉ុប Airbus នៅតែបន្តឈរលំដាប់លេខ១ ពីប្រាក់ចំណូលលក់យន្តហោះ៣ឆ្នាំជាប់គ្នា ក្រោយពេលក្រុមហ៊ុននេះសម្រេចបានគោលដៅលក់យន្តហោះដល់ទៅ៦០០គ្រឿងនៅក្នុងឆ្នាំ ២០២១ នាំមុខយ៉ាងឆ្ងាយពីគូប្រជែងគឺក្រុមហ៊ុន Boeing របស់អាមេរិក។
បើទោះបីបែបនេះក្តី តែក្រុមហ៊ុន ផលិតយន្តហោះAirbus មានការប្រុងប្រយ័ត្នខ្ពស់ចំពោះប្រាក់ចំណូលនៅក្នុងឆ្នាំ២០២២ ខណៈវីរុសបំប្លែងថ្មីអូមីក្រុងបានឆ្លងរាលដាលយ៉ាងឆាប់រហ័សនៅលើពិភពលោក។
តាមប្រភពព័ត៌មានពី Finnacial Times បានផ្សាយថា នៅក្នុងឆ្នាំ ២០២១ ក្រុមហ៊ុន Airbus លក់បានយន្តហោះដលទៅ៦១១គ្រឿង គឺកើនឡើងដល់ទៅ៨% បើប្រៀបធៀបនឹងឆ្នាំ២០២០។ យន្តហោះដែលលក់បានច្រើនជាងគេគឺប្រភេទ A320 សម្រាប់ហោះហើរក្នុងចម្ងាយផ្លូវខ្លី និងមធ្យម ដែលបានដំណើរការច្រើនជាងជើងហោះហើរផ្លូវឆ្ងាយ។
តួលេខខាងលើបានបង្ហាញឱ្យឃើញថា ក្រុមហ៊ុន Airbus បន្តនាំមុខទៅលើក្រុមហ៊ុនBoeing ពីប្រាក់ចំណូលក្នុងការលក់យន្តហោះ ។ តាមគម្រោងនៅថ្ងៃទី១១ខែមករាឆ្នាំ២០២២ ទើបក្រុមហ៊ុនប៊ូអុីងប្រកាសពីតួលេខលក់យន្តហោះរបស់ខ្លួន ប៉ុន្តែគិតត្រឹមខែវិច្ឆិកា ក្រុមហ៊ុនប៊ូអុីងលក់បានយន្តហោះតែ ៣០២គ្រឿងប៉ុណ្ណោះ។
អគ្គនាយកក្រុមហ៊ុនផលិតយន្តហោះ Airbus បានលើកឡើងថា ក្រុមហ៊ុននៅតែបន្តរក្សាគម្រោងផលិតយន្តហោះ ប្រភេទ A320 ក្នុងគោលដៅផលិតឱ្យបាន ៦៥គ្រឿងក្នុងមួយខែនៅក្នុងឆ្នាំ២០២២នេះ៕ ដោយ៖ធីរីណា
រូបថត៖AP