ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ ហេីយត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះភ្លាមៗ បន្ទាប់ពីជិះម៉ូតូឆ្លងផ្លូវបំបែកជាបួនត្រូវរថយន្តស៊េរីទំនើបមួយគ្រឿងបុកអូសជាប់ក្រោមកង់រថយន្តជាច្រើនម៉ែត្រ កាលពីវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃអង្គារ ទី១១ ខែមករា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៤៣ កែងនឹងផ្លូវលេខ២៨៨ ក្នុងសង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង។
យោងតាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូស្មាស់រីវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1AC-2355 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៨៨ ក្នុងទិសដៅពីកេីតទៅលិចដេីម្បីឆ្លងកាត់ទទឹងផ្លូវលេខ១៤៣ ខណៈឆ្លងបានពាក់កណ្ដាលផ្លូវ ស្រាប់តែមានរថយន្តស៊េរីទំនើបម៉ាក HUMMER ពណ៌ទឹកសមុទ្រចាស់ ពាក់ស្លាកលេខភ្នំពេញ2AT-3663 បើកដោយបុរសម្នាក់ក្នុងទិសដៅពីត្បូងទៅជេីងដោយល្បឿនលឿនបានបុកចំពាក់កណ្ដាលម៉ូតូពេញទំហឹងបណ្ដាលឱ្យម្ចាស់ម៉ូតូខ្ទាតចេញរងរបួសធ្ងន់ រីឯម៉ូតូជាប់នៅក្រោមរថយន្តអូសជាច្រើនម៉ែត្ររងការខូចខាតផងដែរ ។
ក្រោយកើតហេតុភ្លាមៗ ម្ចាស់ម៉ូតូដែលរងរបួសធ្ងន់ត្រូវបានរថយន្តគ្លីនិកឯកជនដឹកយកទៅសង្គ្រោះអាយុជីវិត ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វេីការវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ ៕
ដោយ ៖ ភារ៉ា ដង្កោ