ព័ត៌មានទាន់ហេតុការណ៍៖

ចាបព្រៃវែងដែលជិតផុតពូជបំផុតនៅលើពិភពលោកបានមកដល់កម្ពុជាហើយ

ចែករំលែក៖

ខេត្តតាកែវ ៖ បើយោងពីប្រភព៖ NatureLife Cambodia Organization បានបញ្ជាក់អោយដឹងថា,  មកដល់រដូវនេះ ក្នុងខែមករា ឆ្នាំ២០២២ សត្វចាបព្រៃវែងឬចាបទ្រូងលឿង (Yellow Breasted Bunting) ចំនួនរាប់ពាន់ក្បាល នៅតែបន្តវិលត្រលប់មករកចំណីនិងស្នាក់ក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ក្នុងភូមិសាស្រ្តខេត្តតាកែវ។ 

ចាប់ពីខែធ្នូ ឆ្នាំ២០២០ ដល់ខែមេសា ឆ្នាំ២០២១ ក្រុមអ្នកអភិរក្សនិងអង្គការជីវិតធម្មជាតិធម្មជាតិនៅកម្ពុជា បានកត់ត្រាចំនួនសត្វចាបព្រៃវែង ច្រើនបំផុត ប្រមាណជាង២០០០ ក្បាល មានវត្តមាននៅក្នុងតំបន់ការពារធម្មជាតិនេះ ។ នេះជាព័តមានដ៏ល្អដែលបញ្ចាក់ថាតំបន់ការពារទេសភាពបឹងព្រែកល្ពៅ បាននិងកំពុងដើរតួដ៏សំខាន់ក្នុងគាំទ្រដល់ការរស់នៅរបស់សត្វប្រភេទនេះ។

ចាបព្រៃវែង គឺជាប្រភេទសត្វស្លាបទេសន្តរប្រវេសន៍ជិតផុតពូជបំផុតនៅលើពិភពលោក។ ចំនួនរបស់វានៅលើពិភពលោក បានថយចុះជាង ៨០% នាប៉ុន្មានឆ្នាំចុងក្រោយនេះ។ បក្សីប្រភេទនេះបង្កកំណើតនៅអឺរ៉ុប និងអាស៊ីខាងជើង បន្ទាប់មកបំលាស់ទីរកចំណីមកកាន់តំបន់អាស៊ី (Wintering Migration)ដូចជាឥណ្ឌា ចិនភាគខាងត្បូង កម្ពុជា វៀតណាម ឡាវ ថៃ ភូមា។ 

សត្វចាបដ៏តូចនេះ ធ្វើដំណើរកាត់ប្រទេសជាច្រើនមុនមកដល់និង រកចំណីក្នុងប្រទេសកម្ពុជា ចាប់ពីខែវិច្ឆកាដល់ខែមេសាជារៀងរាល់ឆ្នាំ។ទីជម្រករបស់វាគឺមាន វាលស្មៅ គម្ពោតព្រៃ(ដើមត្រែង) តំបន់វាលលំហរ តំបន់កសិកម្ម ជាទូទៅក្បែរមាត់ទឹក។

សូមមបញ្ជាក់ថា តំបន់ការពារទេសភាពបឹងព្រែកល្ពៅ គឺជាតំបន់ដីសើមដ៏ធំមួយដែលស្ថិតក្នុងតំបន់ដីសណ្តទន្លេមេគង្គក្រោម និងត្រូវបានកំណត់ជាតំបន់ ការពារទេសភាពបឹងព្រែកល្ពៅ តាមរយៈអនុក្រឹត្យលេខ៩០អនក្រ.បក ចុះថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦ ដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកបូរីជលសារ និងស្រុកកោះអណ្តែត ខេត្តតាកែវ៕

ដោយ ៖ សិលា


ចែករំលែក៖