ព័ត៌មានទាន់ហេតុការណ៍៖

ទូតអាមេរិកប្រចាំកម្ពុជាគាំទ្រកុងសង់ស៊ីសទាំង៥របស់អាស៊ានសម្រាប់មីយ៉ាន់ម៉ា

ចែករំលែក៖

ភ្នំពេញ៖ អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជាលោក Chad Roedemeier  បានបញ្ជាក់ថាស្ថានទូតបានតាមដានចំពោះដំណើរទស្សនកិច្ចរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅមីយ៉ាន់ម៉ាកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ ២០២២ កន្លងទៅ។ ទោះបីជាលោកមិនបានឆ្លើយថាគាំទ្រឬជំទាស់នឹងទស្សនកិច្ចនេះក្ដីតែអ្នកនាំពាក្យរូបនេះថា អាមេរិកជំរុញឱ្យកម្ពុជាប្រើប្រាស់នាមប្រធានអាស៊ានរបស់ខ្លួនធ្វើយ៉ាងណាធានាដល់ការអនុវត្តន៍គោលការណ៍កុងសង់ស៊ីស៥ចំនុចរបស់អាស៊ានសម្រាប់មីយ៉ាន់ម៉ា និងធានាដល់ដំណើរទស្សនកិច្ចរបស់របស់ប្រសិតពិសេសអាស៊ានអាចបានទៅជួបគ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងប្រទេសមីយ៉ាន់ម៉ា។

លោក Chad Roedemeier បានលើកឡើងថា៖ «យើងគាំទ្រកូសង់ស៊ីសប្រាំចំណុចរបស់អាស៊ាន ហើយជំរុញឱ្យកម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២២ បន្តជំរុញឱ្យមានការអនុវត្តន៍នូវចំណុចទាំងប្រាំ និងដើម្បីធានាថា ដំណើរទស្សនកិច្ចណាមួយរបស់ប្រេសិតពិសេសអាស៊ាននឹងមានការជួបជាមួយគ្រប់ភាគីពាក់ព័ន្ធ។ យើងសូមរំលឹកឡើងវិញនូវការអំពាវនាវរបស់យើងដល់របបយោធាភូមាឱ្យបញ្ចប់ការប្រើប្រាស់អំពើហឹង្សា, ដោះលែងអ្នកដែលត្រូវបានឃុំឃាំងដោយអយុត្តិធម៌ទាំងអស់ និងចូលរួមក្នុងការសន្ទនាក្នុងន័យស្ថាបនាជាមួយគ្រប់ភាគីដែលគោរពឆន្ទៈរបស់ប្រជាជនភូមា» ។

កិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចរបស់អាស៊ានសម្រាប់ប្រទេសមីយ៉ាន់ម៉ា មានដូចជាតម្រូវឱ្យបញ្ឈប់នូវអំពើហិង្សា បង្កើតនូវការសន្ទនាគ្រប់ភាគី ទទួលយកការសម្របសម្រួលរបស់បេសកជនពិសេសអាស៊ាន ការផ្ដល់ជំនួយមនុស្សធម៌ និងអនុញ្ញាតឱ្យបេសជនពិសេសទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសមីយ៉ាន់ម៉ា។

គួររំលឹកផងដែរថា នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី៧ ខែមករាកន្លងទៅដើម្បីជួយស្វែងរកដំណោះស្រាយនៃជម្លោះមីយ៉ាន់ម៉ា ក៏ដូចជានាំប្រទេសនេះចូលក្នុងអាស៊ានវិញផងដែរ។

ក្រោយដំណើរទស្សនកិច្ចនេះ មហាអំណាចចិន បានប្រកាសគាំទ្រយ៉ាងពេញទំហឹងដោយថាកម្ពុជាបានដើរតួនាទីយ៉ាងសកម្ម និងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការគ្រប់គ្រងការខ្វែងគំនិតគ្នារវាងភាគីនៃប្រទេសមីយ៉ាន់ម៉ា តាមរយៈការសន្ទនានយោបាយ និងការស្តារស្ថិរភាព និងការសម្រេចបាននូវការអភិវឌ្ឍន៍នៅដំណាក់កាលដំបូង៕

ដោយ៖ សូរិយា


ចែករំលែក៖