ខេត្តតាកែវ៖ តាមប្រភពព័ត៌មានពីរដ្ឋបាលខេត្តតាកែវ បានឱ្យដឹងថា លោក អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃពុធ ទី១២ ខែមករា ឆ្នាំ២០២២នេះ បានដឹកនាំមន្រ្តីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យការកែលម្អ សោភណភាពសួនច្បារមាត់បឹងតាកែវ ស្ថិតនៅភូមិមួយ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ។
ក្នុងឱកាសចុះពិនិត្យនោះដែរ លោក អ៊ូច ភា អភិបាលខេត្តក៏បានធ្វើការណែនាំទៅដល់មន្ទីរជំនាញ និងអភិបាលក្រុងដូនកែវ ត្រូវរៀបចំប្រព័ន្ធបង្គោលភ្លើង ដែលចាស់ខូចឡើងវិញ និងត្រូវមើលពីទីតាំងណាដែលត្រូវរៀបំបង្គន់សាធារណៈនៅសួនច្បារមាត់បឹងដើម្បីបំពេញសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋដែលពួកគាត់មកលំហែ កម្សាន្ត ឬមកហាត់ប្រាណពេលព្រឹកព្រលឹម និងពេលរសៀលជាដើមនៅសួនច្បារមាត់បឹងតាកែវមួយនេះ។
ជាមួយគ្នានេះ នៅថ្ងៃដដែល លោកអភិបាលខេត្តក៏បានចេញសេចក្តីណែនាំស្តីពីការជំរុញការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងពង្រឹងការអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ដេីម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មី អូមីក្រុង នៅក្នុងភូមិសាស្ត្រខេត្តតាកែវផងដែរ៕
ដោយ៖សហការី