ខេត្តកំពង់ធំ៖ បេីយោងតាមប្រភពព័ត៌មានពីកាកបាទក្រហមកម្ពុជាបានឱ្យដឹងថា បន្ទាប់ពីបានទទួលដំណឹងថា មានហេតុការណ៍ផ្ទុះមីននៅខេត្តព្រះវិហារ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២មក សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកវេជ្ជបណ្ឌិតអ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយគ្រួសារសពលោក សុន វង អាយុ៣០ឆ្នាំ បម្រើការនៅអង្គភាពវរសេនាតូច៣៩៥ ចំណុះកងពលតូចលេខ៩ ប្រចាំការនៅទិសមុំបី ដល់គេហដ្ឋាននៅភូមិក្បិល ឃុំសាន់គ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២។
នៅក្នុងមរណទុក្ខដ៏ក្តុកក្តួលនេះ លោកវេជ្ជបណ្ឌិត អ៊ុយ សំអាត បានពាំនាំប្រសាសន៍សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចូលរួមសោកស្តាយ និងរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារនៃសព ហើយចំពោះមរណភាពរបស់លោក សុន វង គឺជាការបាត់បង់ឧត្តមស្វាមី បិតា ជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ និងទឹកចិត្តសន្តោសប្រណីដ៏ថ្លៃថ្លាមិនចេះរីងស្ងួតចំពោះក្រុមគ្រសារ និងកូនៗ ប៉ុណ្ណោះទេ តែក៏ជាការបាត់បង់យុទ្ធជនកម្ពុជាដ៏ឆ្នើម ដែលបានបំពេញការងារការពារទឹកដី និងគុណបំណាច់យ៉ាងធំធេងចំពោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។
ស្ថិតក្នុងមរណទុក្ខដ៏ក្រៀមក្រំនេះ កាកបាទក្រហមកម្ពុជា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោកទាំងអស់ សូមប្រោសដួងវិញ្ញាណក្ខន្ធលោក សុន វង បានទៅកាន់សុគតិភពជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ៖សហការី