ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆេះផ្ទះ០៣ខ្នងដោយសារឆ្លងចរន្តអគ្គិសនី

ចែករំលែក៖

ខេត្តកោះកុង៖ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១១និង៣០នាទី មានករណីអគ្គិភ័យឆេះផ្ទះចំនួន០៣ខ្នង នៅត្រង់ចំណុចមាត់ទឹកស្មាច់ង៉ាមស្ថិតនៅក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ ហើយត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្មាច់មានជ័យសហការជាមួយកម្លាំងអគ្គិភ័យខេត្តនិងអាជ្ញាធរភូមិ-សង្កាត់ បានជួយពន្លត់និងទប់ស្កាត់ការឆេះរាលដាលបានទាន់ពេលវេលា ។

   ករណីនេះធ្វើឱ្យខូចខាតផ្ទះទី១ទំហំទទឹង៤,៨ម៉ែត្រ×បណ្តោយ១៦ម៉ែត្រ ធ្វើអំពីឈើប្រក់ហ្វុីប្រូស៊ីម៉ងត៍ ដោយធ្វើឱ្យខូចខាតផ្ទះផ្នែកខាងក្រោយ (ផ្ទះបាយ) និងអីវ៉ាន់ចាប់ហួយមួយចំនួន។ ផ្ទះនេះជា កម្មសិទ្ធិរបស់ឈ្មោះ សុខ សារឿន ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរកងរាជអាវុធហត្ថខេត្ត មានប្រពន្ធឈ្មោះ ចាន់ បុប្ជា  អាយុ៣១ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិ១ សង្កាត់ស្មាច់មានជ័យ។ រីឯផ្ទះទី២ទំហំ៥ម៉ែត្រ× បណ្តោយ១៦ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី ធ្វើឲ្យខូចខាតអស់ស័ង្កសី២០សន្លឹក ដែលជាកម្មសិទ្ធិរបស់ឈ្មោះ គា យ៉ាង ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរនេសាទ មានទីលំនៅបច្ចុប្បន្នភូមិ១ សង្កាត់ស្មាច់មានជ័យ។  ម្ចាស់ផ្ទះទី៣ មានទំហំ៦ម៉ែត្រ×បណ្តោយ១៤ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី ធ្វើឱ្យខូចខាតស័ង្កសី៣៣សន្លឹក អស់ជញ្ជាំងមួយចំហៀង និងសម្ភារមួយចំនួនដែលជាកម្មសិទ្ធិរបស់ឈ្មោះស៊ុំ ឆាយ ភេទប្រុស  អាយុ៥០ឆ្នាំ មុខរបរនេសាទ មានទីលំនៅបច្ចុប្បន្នភូមិ១ សង្កាត់ស្មាច់មានជ័យ។

  មន្ត្រីនគរបាលបានបញ្ជាក់ថា មូលហេតុដែលបណ្តោលឱ្យមានអគ្គិភ័យកើតឡើងដោយសារតែទុស្សេចរន្តអគ្គិសនី ហើយសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកោះកុងអស់ចំនួន០២គ្រឿងទើបរលត់ជាស្ថាពរ៕

ដោយ៖ សូរិយា


ចែករំលែក៖