ខេត្តព្រៃវែង៖ លោកឧកញ៉ា សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា តំណាងលោក ជា សុមេធី ប្រធានគណៈកម្មាធិការសាខា បានដឹកនាំសមាជិក សមាជិការគណៈកម្មាធិការសាខា ក្រុមប្រតិបត្តសាខា ក្រុមការងារអនុសាខាស្រុកពាមជរ និងស្រុកព្រះស្តេច អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ ប្រគល់ផ្ទះ ចំនួន ៤ខ្នង ទំហំ ៤ម៉ែត្រគុណនិង៦ម៉ែត្រ ធ្វើអំពីឈើ ជញ្ជាំង និងដំបូលប្រក់សង្កសី និងបង្គន់អនាម័យ ចំនួន ៤ ជាអំណោយរបស់សាខាខេត្ត ជូនដល់គ្រួសារស្ត្រីមេម៉ាយ ១គ្រួសារ និងចាស់ជរាគ្មានទីពឹង ៣គ្រួសារ នៅស្រុកពាមជរ និស្រុកព្រះស្តេច កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ។
នាឱកាសនោះ លោកឧកញ៉ា សុខ ផេង បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា និងលោក ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត ពិសេសសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលលោកតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ: ដោយមិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍ និន្នាការនយោបាយអ្វីឡើយ ស្របតាមពាក្យស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា “។
ជាមួយគ្នានោះ លោកអនុប្រធានអចិន្ត្រៃយ៍ មានប្រសាសន៍ផ្តាំផ្ញើបន្ថែមដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សាសុខភាព ហើយកត្តាដែលសំខាន់នោះ គឺការរស់នៅត្រូវប្រកាន់យកនៅចំណុចបីល្អគឺ រស់នៅស្អាត ផឹកស្អាត ហូបស្អាត និងគោរពច្បាប់ចរាចរណ៍អោយបានខ្ជាប់ខ្ជួន ជាពិសេសសូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានកុំឲ្យធ្វេសប្រហែសពីជំងឺកូវីដ-១៩ នេះឱ្យសោះ បើទោះបីជាកម្ពុជាមានស្ថានភាពធូរស្រាលក៏ដោយ និងអនុវត្តតាមគន្លងប្រក្រតីភាពថ្មី ក៏ដូចជាចេះការពារខ្លួន និងបង្ការពីការរីករាលដាលពីជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣កុំ ៣ការពារ និង២ចូលរួម របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។
ឆ្លៀតក្នុងឱកាសនោះ ក្រុមប្រតិបត្តិសាខា បានបញ្រ្ជាបការអប់រំផ្សព្វផ្សាយអំពីអនាម័យទឹកស្អាតក្នុងគ្រាអាសន្ននិងការត្រៀមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩(Covid-19) សរុបអ្នកចូលរួមចំនួន ១០៥នាក់ ស្រី ៦៤នាក់។
ក្រៅពីការប្រគល់ផ្ទះ និងបង្គន់អនាម័យ សាខា ក៏បានផ្តល់ជូននូវ អង្ករ ២៥គ.ក ឃីត ១ កញ្ចប់(មុង ភួយ សារុងក្រមា) មី១ កេស ត្រីខ ១ យួរ ឃីតអនាម័យ ១ កញ្ចប់ (ជែល សាប៊ូ ម៉ាស់) ទឹកបរិសុទ្ធប្លូស៊ី ចំណុះ ១,៥លីត្រ ៦ដប កន្ថោរ ១ និងថវិកាចំនួន ១០០,០០០រៀល។
-លោក ជា កក្កដា សមាជិកគណៈកម្មាធិការសាខាខេត្ត បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនបន្ថែមដល់គ្រួសារនៅឃុំរំចេក និងឃុំក្រាំងស្វាយ ក្នុង ១គ្រួសារ ចំនួន ៥០,០០០រៀល។
-អនុសាខាស្រុកព្រះស្តេច បានផ្តល់សម្ភារៈបន្ថែម ១គ្រួសារ ទទួលបានៈ អង្ករ ២០គ.ក សម្ភារៈផ្ទះបាយ ១ឈុត សម្ភារៈដំណេក ១ឈុត ទឹកត្រី ១យួរ ទឹកស៊ីអ៉ីវ ២យួរ និងថវិកាចំនួន ៥០,០០០រៀល។
-ក្រុមកាកបាទក្រហមឃុំរំចេក និងឃុំក្រាំងស្វាយ បានឧបត្ថម្ភថវិកាបន្ថែមចំនួន ៥០,០០០រៀល៕
ដោយ៖សហការី