ខេត្តបាត់ដំបង៖ បុរសវ័យជាង៣០ឆ្នាំម្នាក់ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌឃាត់ខ្លួនករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយគ្រាន់តែខឹងជនរងគ្រោះចាក់ទឹកថ្នាំសម្រាប់ទុកឱ្យមាន់ផឹកចោលក៏ទប់កំហឹងមិនបានស្ទុះទៅយកកាំបិតកាប់យកៗតែម្តង។
លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបងបានឱ្យដឹងថា ក្រោយទទួលបានបណ្ដឹងពីឈ្មោះ លន់ រតនា ភេទស្រី អាយុ៣០ឆ្នាំ មានទីលំនៅភូមិ អូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ពាក់ព័ន្ធទៅនឹងករណីហិង្សាដោយជនសង្ស័យបានប្រើប្រាស់កាំបិតកាប់ទៅលើជនរងគ្រោះឈ្មោះ ឌី ចាន់វុទ្ធី ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិសង្កាត់ខាងលើជាច្រើនកាំបិតបណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងររួចមក នៅវេលាម៉ោង ១៩និង៣០នាទី ថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ លោកបានចាត់ឱ្យកម្លាំងផ្នែកជំនាញចុះធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះទាវ សុផាន ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ក្រោយពីឃាត់ខ្លួនយកមកសាកសួរ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើបានសារភាពថា ដោយសារតែខ្លួនខឹងជនរងគ្រោះចាក់ទឹកថ្នាំសម្រាប់ទុកឱ្យមាន់ផឹកចោលទើបខ្លួនទប់កំហឹងមិនបានក៏ស្ទុះទៅយកកាំបិតកាប់យកៗតែម្តង។ ជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។ ដោយឡែកជនសង្ស័យត្រូវបានការិយាល័យជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតាមនីតិវិធីច្បាប់៕
ដោយ៖ ចន្ទ លីហ្សា