ខេត្តកំពត ៖ ឧកញ៉ា ប៉ែន នួន ដែលសម្បូររឿងអាស្រូវគ្រប់រូបភាព គំនិតទុច្ចរិតប្រព្រឹត្តបទល្មើសឆបោក ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពត ចាប់ខ្លួនម្តងទៀតហើយ កាលពីល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ម្សិលមិញ ពាក់ព័ន្ធបទល្មើសឆបោកមានស្ថានទម្ងន់ទោសនិងរំលោភលើទំនុកចិត្ត ។
សូមបញ្ជាក់ថា, កាលពីឆ្នាំ២០២០ ឧកញ៉ា ប៉ែន នួន ធ្លាប់ជាប់ពន្ធនាគារម្តងរួចមកហេីយ បទល្មេីសឆបោកប្រាក់រាប់ម៉ឺនដុល្លារ នេះមិនទាន់គិតរឿងកន្លងមកផ្សេងទៀតផង។
តំណាងអយ្យការអមសាលាដំបូងខេត្តកំពត លោក ខា ដែនណា បានចេញដីកាបញ្ជាឲ្យចូលខ្លួន គឺ ឈ្មោះ ប៉ែន នួន ភេទប្រុស កើតឆ្នាំ១៩៧៥ កាន់អត្តសញ្ញាណប័ណ្ណលេខ១០០៧៥៤២៨ ចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ បច្ចុប្បន្នរស់នៅផ្ទះលេខ៥អា ស្ថិតនៅភូមិអង្គរកែវ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ឲ្យចូលមកបង្ហាញខ្លួននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពត បានមុនថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ នៅរៀងរាល់ម៉ោងធ្វើការ ដើម្បីសាកសួរ ករណីបណ្ដឹងរបស់ឈ្មោះ ស៊ិន ប៊ុល ភេទប្រុស អាយុ៣៨ឆ្នាំ ដែលប្ដឹងខ្លួនថាបានប្រព្រឹត្តអំពើ ឆបោកមានស្ថានទម្ងន់ទោស និងរំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅក្នុងកំឡុងខែមិថុនា ឆ្នាំ២០២១ រហូតមកដល់បច្ចុប្បន្ន។
ជនខាងលើសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពត រៀបចំបញ្ជូនទៅកាន់អយ្យការ ចាត់ការបន្តតាមនីតិវិធី ៕
ដោយ ៖ សិលា