ព័ត៌មានទាន់ហេតុការណ៍៖

លោកនាយកវិទ្យាល័យស្វាយរៀងទទួលអំណោយដ៏ថ្លៃថ្លារបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្ភារសម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

ចែករំលែក៖

ខេត្តស្វាយរៀង ៖ លោក យស់ ពៅ នាយកវិទ្យាល័យស្វាយរៀងទទួលអំណោយដ៏ថ្លៃថ្លារបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្ភារសម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

ពិធីប្រគល់នេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១៣ខែមករាឆ្នាំ២០២២ក្រោមអធិបតី លោក ម៉ែន វិបុល អភិបាលនៃគណ:អភិបាលខេត្តស្វាយរៀងនិងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង លោកស្រី ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ ជាអនុប្រធានអចិន្ត្រៃយ៍គណ:កម្មាធិការសាខា ព្រមទាំង  លោក លោកស្រីដែលជាសមាជិក សមាជិកាគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង។

លោក ម៉ែន វិបុល បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ជួយដល់ប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀងជាបន្តបន្ទាប់ ហើយកាកបាទក្រហមកម្ពុជាតែងតែបានផ្តល់ជូនសម្ភារអនាម័យ មានដូចជា អាល់កុល ម៉ាស់ និងជែលលាងដៃ ខិត្តប័ណ្ណផ្សេងៗ ដល់សាខាខេត្តស្វាយរៀង ដែលជាខេត្តមួយជាប់ច្រកព្រំដែន និងមានប្រជាពលរដ្ឋធ្វើចំណាកស្រុកច្រើនប្រឈមនឹងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ខ្លាំង ។

លោកក៏បានផ្តាំផ្ញើដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ដែលមិនទាន់បានចាក់វ៉ាក់សាំង លើកទី ៣ ឬដូសជម្រុញត្រូវនាំគ្នាទៅចាក់ឲ្យបានគ្រប់ដូសដើម្បីការពារជំងឺកូវីដ-១៩ ពិសេសប្រភេទបំប្លែងថ្មី អូមីក្រុង។

ក្នុងឱកាសនោះ លោក យស់ ពៅ នាយកវិទ្យាល័យស្វាយរៀងក៏ដូចជាគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៃវិទ្យាល័យស្វាយរៀងទាំងអស់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោក ម៉ែន វិបុល អភិបាលនៃគណ:អភិបាលខេត្តស្វាយរៀងនិងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងដែលបាននាំនូវអំណោយដ៏ថ្លៃថ្លារបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ឧបត្ថម្ភសម្ភារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដល់វិទ្យាល័យស្វាយរៀងរួមមាន÷ជែលលាងដៃចំនួន ២៥កេស ស្មើនឹង៤០០ដបនិងម៉ាស់ចំនួន ១០.០០០ ម៉ាស់ផងដែរ ៕

ដោយ៖យឹម សុថាន


ចែករំលែក៖