ព័ត៌មានទាន់ហេតុការណ៍៖

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ មន្ទីរពេទ្យតេជោ សែន កោះធំ មិនត្រឹមតែជាមន្ទីរពេទ្យមានលក្ខណៈទំនើប ស្រស់ស្អាតប៉ុណ្ណោះទេ,សេវាថែទាំសុខភាពប្រកបដោយវិជ្ជាជីវៈជូនប្រជាពលរដ្ឋផងដែរ

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅរសៀលថ្ងៃព្រហស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២នេះ​ បានឱ្យដឹងថា​ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញ ជួបពិភាក្សាការងារជាមួយក្រុមសប្បុរសជនដែលបានចូលរួមបរិច្ចាគថវិកាធ្វើឱ្យប្រសើរឡើងមណ្ឌលសុខភាពស្រុកកោះធំ ដឹកនាំដោយលោក Elder Peter F. Meurs និងក្រុមការងារទទួលបន្ទុកការងារសាងសង់មន្ទីរពេទ្យតេជោ សែន កោះធំ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុកមន្ត្រីជំនាញបច្ចេកទេសក្រោមឱវាទក្រសួង អភិបាលស្រុកកោះធំ និងភាគីពាក់ព័ន្ធ​ កាលពីថ្ងៃទី១២​ ខែមករា​ម្សិលមិញនេះ​ នៅទីស្តីការក្រសួង។ 

ជំនួបនេះបានពិភាក្សាអំពីការរិះរកមធ្យោបាយធ្វើឱ្យប្រសើរឡើងដល់គ្រប់គ្រងមន្ទីរពេទ្យ តេជោ សែន កោះធំ ការធ្វើទំនើបកម្មផ្នែកវេជ្ជសាស្ត្រដល់មន្ទីរពេទ្យតេជោ សែន កោះធំ ឱ្យមានស្តង់ដាខ្ពស់ខ្នាតអន្តរជាតិ ដើម្បីផ្តល់ទំនុកចិត្តលើការផ្តល់សេវាថែទាំសុខភាពជូនប្រជាពលរដ្ឋស្រុក កោះធំ និង កិច្ចសហការរវាងមន្ទីរពេទ្យតេជោ សែន កោះធំ និងមន្ទីរពេទ្យកាល់ម៉ែតទាក់ទងនឹងការបណ្តុះបណ្តាលជំនាញ។

ថ្លែងក្នុងជំនួបពិភាក្សានោះ លោកទេសរដ្ឋមន្ត្រី​ ស៊ុន​ ចាន់ថុល​ បានថ្លែងថា៖ មន្ទីរពេទ្យតេជោ សែន កោះធំនេះ មិនត្រឹមតែជាមន្ទីរពេទ្យមានលក្ខណៈទំនើប និងស្រស់ស្អាតប៉ុណ្ណោះទេ ក៏ប៉ុន្តែគឺជាមន្ទីរពេទ្យដែលអាចផ្ដល់ សេវាថែទាំសុខភាពប្រកបដោយវិជ្ជាជីវៈជូនប្រជាពលរដ្ឋផងដែរ។ ទន្ទឹមជាមួយគ្នានោះ លោកទេសរដ្ឋមន្ត្រី​ បានណែនាំឱ្យភាគីពាក់ព័ន្ធជួបប្រជុំឱ្យបានទៀងទាត់ ដើម្បីតាមដានវឌ្ឍនភាពការងារនៃការអនុវត្តគម្រោងនេះឱ្យបានជាប់ជាប្រចាំ ដើម្បីដោះស្រាយបញ្ហាប្រឈមឱ្យបានទាន់ពេលវេលា។   

ឆ្លៀតក្នុងឱកាសនោះផងដែរ លោកទេសរដ្ឋមន្ត្រី បានជម្រាបជូនអំពីគម្រោងបន្តធ្វើឱ្យប្រសើរឡើងដល់ មណ្ឌលសុខភាពនៅស្រុកកោះធំ ខេត្តកណ្តាល ដើម្បីលើកកម្ពស់ការថែទាំសុខភាពរបស់អ្នកស្រុកកោះធំ ដែលមានតម្រូវការចាំបាច់លើផ្នែកសេវាថែទាំសុខភាពបឋម និងការសង្គ្រោះបន្ទាន់ ក៏ដូចជាដើម្បីចូលរួម ចំណែកអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនថែមទៀត។

គួរកត់សម្គាល់ផងដែរថា៖ គម្រោងសាងសង់មន្ទីរពេទ្យតេជោ សែន កោះធំ ឋិតនៅស្រុកកោះធំ ខេត្តកណ្តាល មានទំហំផ្ទៃអគារសរុប១២ ៥៤៤,៤ ម៉ែត្រការ៉េ អាចផ្តល់សេវាសុខាភិបាលសាធារណៈជូនប្រជាពលរដ្ឋប្រមាណ៦០ម៉ឺននាក់ ដែលរស់នៅក្នុងស្រុកស្អាង ស្រុកកោះធំ ស្រុកលើកដែក នៃខេត្តកណ្តាល និងស្រុកព្រៃកប្បាស នៃខេត្តតាកែវ ត្រូវបានរៀបចំពិធីក្រុងពាលីបុកគ្រឹះសាងសង់ កាលពីថ្ងៃទី ០៧ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល៕

ដោយ​៖ស​ តារា​


ចែករំលែក៖