ភ្នំពេញ ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងលោកស្រី លី អាយឡែន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ បានអញ្ជើញចុះពិនិត្យមើលយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ដូសទី៤ សម្រាប់ក្រុមគោលដៅជម្រើសនៅមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក មានទីតាំងឋិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សូមជម្រាបជូនថា មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៤ ជូនក្រុមគោលដៅជម្រើសចាប់ពីថ្ងៃទី១៤ ខែមករា រហូតដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២។
លោកស្រី ឱ វណ្ណឌីន បានជម្រាបជូនថា សម្រាប់ដូសទី៤នេះ គឺអនុញ្ញាតឲ្យចាក់តែនៅក្នុងរាជធានីភ្នំពេញប៉ុណ្ណោះ ដោយសារតែដូសទី៤នេះ គឺជាវ៉ាក់សាំងប្រភេទ Pfizer តម្រូវឲ្យផ្ទុកក្នុងសីតុណ្ហភាព -80c ដូច្នេះមិនអាចបញ្ជូនទៅកាន់បណ្តាខេត្តបាននោះទេ។
ដោយឡែក នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ សម្តេចតេជោ និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញចាក់វ៉ាក់សាំងដូសជំរុញដើម្បីការពារកូវីដ.១៩។
សម្តេចតេជោ ហ៊ុនសែន បានថ្លែងថា, ថ្ងៃនេះខ្ញុំនិងភរិយាចាក់វ៉ាក់សាំងដូសជំរុញដើម្បីការពារកូវីដ.១៩។
សម្តេចតេជោបន្តថា, គ្មានជម្រើសអ្វីឱ្យល្អជាងការចាក់វ៉ាក់សាំងគួបផ្សំជាមួយវិធានការសុខាភិបាល៣ការពារនិង៣កុំនោះទេ។
សម្តេចតេជោ លើកឡើងថា, ខ្ញុំមានកម្លាំងការពារយ៉ាងរឹងមាំនៅគ្រប់ទីកន្លែងតែពួកគាត់មិនអាចការពារខ្ញុំមិនឱ្យឆ្លងកូវីដ.១៩បានឡើយ។ ប្រពន្ធនិងកូនៗព្រមទាំងចៅៗរបស់ខ្ញុំក៏មិនអាចការពារខ្ញុំបានដែរ។និយាយរួមគ្មានអ្នកណាអាចការពារខ្ញុំបានឡើយគឺមានតែរូបខ្ញុំខ្លួនឯងប៉ុណ្ណោះទើបអាចការពារខ្លួនខ្ញុំបាន។
សម្តេចតេជោ ហ៊ុនសែន សូមបងប្អូនជនរួមជាតិអញ្ជើញទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នាទាំងដូសមូលដ្ឋានទាំងដូសជំរុញដើម្បីការពារខ្លួនយើង គ្រួសារយើង ភូមិ ឃុំយើងនិងជាតិយើង៕
ដោយ ៖ សុខ ខេមរា