ខេត្តព្រះសីហនុ ៖ ប្រព័ន្ធគ្រប់គ្រងព័ត៌មានបរិស្ថានកម្ពុជា (CEMIS) គឺពិតជាយន្តការមួយដ៏សំខាន់ ក្នុងការប្រមូលចងក្រង និងបង្កើតឱ្យមានប្រព័ន្ធគ្រប់គ្រងទិន្នន័យទំនើប មានប្រសិទ្ធភាព និងតម្លាភាពលើការបែងចែក និងវិភាគអោយបានទាន់ពេលវេលាលើវិស័យបរិស្ថាន។ នេះជាការលើកឡើងរបស់ លោក សៅ សុភាព រដ្ឋលេខា ធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារអនុវត្តន៍គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចពិគ្រោះយោបល់ជាមួយស្ថាប័នពាក់ព័ន្ធស្ដីពីប្រព័ន្ធគ្រប់គ្រងព័ត៌មានបរិស្ថានកម្ពុជា (CEMIS)/ ប្រព័ន្ធព័ត៌មាននិងការគាំទ្រដល់ការធ្វើសេចក្តីសម្រេចចិត្ត (ISDS) ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងដៃគូសហការ នាព្រឹកថ្ងៃសុក្រ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ។
លោករដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមថា ការគ្រប់គ្រងប្រព័ន្ធព័ត៌មានក្នុងវិស័យបរិស្ថាន មានសារៈសំខាន់ណាស់ក្នុងការគ្រប់គ្រងឯកសារ របាយការណ៍ផ្សេងៗ និងសម្រាប់ធ្វើការផ្សព្វផ្សាយដល់សាធារណៈជន និងសកលលោកពីសកម្មភាព និងភាពរីកចម្រើនក្នុងវិស័យបរិស្ថាននៅកម្ពុជា។
លោក សៅ សុភាព បានឲ្យដឹងដែរថា រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះក្រសួងបរិស្ថាន បាននិងកំពុងអនុវត្តន៍ផែនការសកម្មភាពនានា ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាពនៃកម្មវិធីអភិវឌ្ឍ សហប្រជាជាតិ ហើយការគ្រប់គ្រងប្រកបដោយនិរន្តរភាពលើវិស័យបរិស្ថាន និងធនធានធម្មជាតិ គឺជាអាទិភាពចំបងមួយ។
លោក ជួប ប៉ារីស៍ អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថាន បានបង្ហាញថា គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា (CSLEP) គាំទ្រដោយរាជរដ្ឋាភិបាល និងធនាគារពិភពលោក កំពុងអនុវត្តន៍ដើម្បីកែលម្អការគ្រប់គ្រងតំបន់ការពារ និងលើកកម្ពស់កាលានុវត្តភាពទេសចរណ៍ធម្មជាតិ ក្នុងនោះតាម រយៈគម្រោង CSLEP កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) បានជួយគាំទ្របច្ចេកទេសដល់នាយកដ្ឋានសេវាកម្មព័ត៌មានភូមិសាស្រ្ត នៃក្រសួងបរិស្ថាន ដើម្បីកសាងប្រព័ន្ធគ្រប់គ្រងព័ត៌មានបរិស្ថានកម្ពុជា(CEMIS)/ប្រព័ន្ធព័ត៌មាន និងការគាំទ្រដល់ការសម្រេចចិត្ត។
នៅពេលនេះ ក្រសួងបរិស្ថានបានរៀបចំកិច្ចពិគ្រោះយោបល់ជាមួយស្ថាប័នពាក់ព័ន្ធស្តីពីប្រព័ន្ធគ្រប់គ្រងព័ត៌មានបរិស្ថាន(CEMIS) និងផ្តល់ឱកាសដល់អ្នកចូលរួម ធ្វើបទបង្ហាញ ពិភាក្សាគ្នា និងការចែករំលែកបទពិសោធន៍លើការប្រើប្រាស់ទិន្នន័យបច្ចុប្បន្ននៃរបាយការណ៍អំពីតំបន់ការពារធម្មជាតិ ក៏ដូចជាបច្ចេកទេសទំនើប ដើម្បីបង្កើតទិន្នន័យព័ត៌មានភូមិសាស្រ្ត និងគាំទ្រការធ្វើសេចក្តីសម្រេចចិត្តត្រឹមត្រូវលើការគ្រប់គ្រងបរិស្ថាន។
ជាមួយគ្នានោះ លោកស្រី Alissa Chaker តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា បានលើឡើងថា ការរៀបចំប្រព័ន្ធគ្រប់គ្រងព័ត៌មានបរិស្ថាន(CEMIS) នេះ គឺជារឿងដ៏ចាំបាច់ដែលអាចកំណត់បាននូវធនធានធម្មជាតិ តំបន់ការពារធម្មជាតិ ការប្រែប្រួលអាកាសធាតុ និងប្រព័ន្ធជីវៈចម្រុះ។ ប្រព័ន្ធព័ត៌មាននេះ ក៏អាចធានាបាននូវភាពប្រាកដប្រជាសម្រាប់ការរៀបចំផែនការគ្រប់គ្រងប្រព័ន្ធអេកូឡូស៊ីផងដែរ។ លោកស្រី Alissa Chaker បានបន្ថែមថា ទិន្នន័យដែលមាននៅក្នុងប្រព័ន្ធ CEMIS ជាមូលដ្ឋានសំខាន់គាំទ្រដល់អ្នកដឹកនាំមានការសម្រេចចិត្ត និងធ្វើផែនការឲ្យមានភាពសុក្រិតនិងច្បាស់លាស់។
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានឱ្យដឹងថា ការរៀបចំប្រព័ន្ធគ្រប់គ្រងព័ត៌មានបរិស្ថានកម្ពុជា ពិតជាមានសារៈសំខាន់ណាស់សម្រាប់ដំណើរការនៃការរៀបចំផែនការមេអភិវឌ្ឍខេត្តព្រះសីហនុ និងប្លង់ប្រើប្រាស់ដីធ្លីឆ្នាំ២០៣០។ ជាងនេះទៅទៀត វានឹងចូលរួមចំណែកយ៉ាងខ្លាំងក្នុងការ លើកកម្ពស់កិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព និង ឆ្លាតវៃ៕
ដោយ ៖ សិលា