ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang របស់ក្រុមកាំភ្លើងធំ Arsenal បានខកខានការប្រកួតពានរង្វាន់ Africa Cup of Nations ឲ្យជម្រើសជាតិហ្គាបុងជាមួយក្រុមហ្គាណាកាលពីថ្ងៃសុក្រ បន្ទាប់ពីការស្គេនបង្ហាញថាមានបញ្ហាបេះដូងបន្ទាប់ពីការឆ្លងជំងឺ Covid-19។ទោះបីជាយ៉ាងណាគ្រូពេទ្យរបស់ក្រុម Arsenal បាននិយាយទៅកាន់គ្រូពេទ្យរបស់ហ្គាបុងថា ស្ថានភាពរបស់គាត់មិនធ្ងន់ធ្ងរទេ ហើយគាត់កំពុងមានអារម្មណ៍ល្អ។
Aubameyang បានធ្វើតេស្តវិជ្ជមាន Covid-19 នៅពេលមកដល់ប្រទេសកាមេរូនកាលពីសប្តាហ៍មុន។ គាត់បានស្គេន មុននឹងត្រូវបានអនុញ្ញាតឱ្យត្រឡប់មកវិញ។ ជាមួយគ្នានេះអតីតខ្សែបម្រើក្រុម Southampton កីឡាករ Mario Lemina ឥឡូវនេះនៅ Nice និងខ្សែប្រយុទ្ធ Axel Meye ត្រូវបានច្រានចោលសម្រាប់ហេតុផលដូចគ្នា។
សហព័ន្ធបាល់ទាត់ប្រទេសហ្គាបុងបានស្នើថា ការអវត្តមានទាំង៣នាក់គឺជាការប្រុងប្រយ័ត្ន។ សហព័ន្ធកីឡាបាល់ទាត់ហ្គាបុងបានសរសេរថា ការពិនិត្យសុខភាពបង្ហាញពីបញ្ហាបេះដូង ហើយ CAF មិនចង់ប្រថុយអ្វីទេ។
ថ្លែងបន្ទាប់ពីលទ្ធផលស្មើ ១-១ ជាមួយក្រុមហ្គាណាលោក Patrice Neveuគ្រូបង្វឹកក្រុមជម្រើសជាតិហ្គាបុងបាននិយាយថា លោកត្រូវបានប្រាប់ត្រឹមតែ២ម៉ោងមុនពេលចាប់ផ្តើមដោយការហៅទូរស័ព្ទពី CAF ថាកីឡាករទាំង៣នឹងមិនមានវត្តមាន។ គាត់បានពណ៌នាលទ្ធផលនៃការស្គេនថាជាបញ្ហាតូច ហើយបាននិយាយថា គាត់បានសម្រេចចិត្តដើម្បីការពារកីឡាកររបស់គាត់ហើយមិនប្រើវា។
លោកបានបន្ថែមថា លោកសង្ឃឹមថាពួកគេនឹងអាចរកបានសម្រាប់ការប្រកួតចុងក្រោយរបស់ក្រុមហ្គាបុងជាមួយម៉ារ៉ុកនៅថ្ងៃអង្គារ ប៉ុន្តែបញ្ហាសុខភាពរបស់កីឡាករគឺជារឿងសំខាន់បំផុត។
Aubameyang បានខកខានការប្រកួតបើកឆាកពានរង្វាន់ Africa Cup of Nations របស់ហ្គាបុងដែលពួកគេបានយកឈ្នះក្រុមកូម៉ូរ៉ូស ១-០ កាលពីថ្ងៃចន្ទ។ ការទទួលជ័យជម្នះលើក្រុមហ្គាណានឹងធានាឱ្យពួកគេទទួលបានកៅអីវគ្គជម្រុះដោយស្វ័យប្រវត្តិសម្រាប់វគ្គជម្រុះតាមពូលជាមួយក្រុមកំពូលតារាងពូល C ម៉ារ៉ុក។
Aubameyang ដែលបានធ្វើតេស្តវិជ្ជមាន Covid-19 កាលពីខែសីហា ឆ្នាំ២០២១ ខណៈដែលកីឡាកររូបនេះកំពុងបំពេញកាតព្វកិច្ចឲ្យក្រុមកាំភ្លើងធំ Arsenal ត្រូវបានទម្លាក់ និងដកហូតតំណែងប្រធានក្រុមកាលពីខែមុនសម្រាប់ហេតុផលមិនគោរពវិន័យ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)