ព័ត៌មានទាន់ហេតុការណ៍៖

៣ ថ្ងៃជាប់គ្នាពិភពលោកមានករណីឆ្លងកូវីដ-១៩ ជាង ៣លាននាក់ក្នុងមួយថ្ងៃៗ

ចែករំលែក៖

ពិភពលោកមានករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់រយៈពេល៣ថ្ងៃជាប់គ្នា ដោយក្នុងមួយថ្ងៃៗមានករណីឆ្លងជាង ៣លាននាក់ ។ ក្នុងរយៈពេល ២៤ម៉ោងកន្លងមកពិភពលោកមានករណីឆ្លងរហូតដល់ទៅជាង៣,១លាននាក់ ហើយអាមេរិកជាប្រទេសមានករណីឆ្លងច្រើនជាងគេ គឺជាង៨សែននាក់ក្នុងពេល២៤ម៉ោង។
តាមគេហទំព័រ Worldometers បានផ្សាយថា គិតត្រឹមម៉ោង ១០ព្រឹកថ្ងៃទី១៥ខែមករា នៅទូទាំងពិភពលោកមានករណីឆ្លងកូវីដ១៩ សរុបជាង ៣២៤លាននាក់ ក្នុងនោះស្លាប់ជាង ៥,៥ លាននាក់ និងជាសះស្បើយវិញ ជាង ២៦៥លាននាក់។
អាមេរិកជាប្រទេសមានករណីឆ្លងច្រើនជាងគេដោយនៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុបរហូតដល់ទៅ ៨០៥,៦២០នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ២,១៤០នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៦៦,១៦២,៧៥៩ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៨៦៩,២១២នាក់ និងជាសះស្បើយឡើងសរុបជាង ៤៣.០២លាននាក់។
បន្ទាប់មកគឺប្រទេសបារាំង មានករណីឆ្លងកូវីដ១៩ ក្នុងពេល២៤ម៉ោង មានដល់ទៅ ៣២៩ពាន់នាក់ និងលំដាប់ទីបីគឺឥណ្ឌា មានករណីឆ្លងជាង ២៦៧ពាន់នាក់ អុីតាលីជាង ១៨៦ពាន់នាក់ អេស្ប៉ាញជាង១៦២ពាន់នាក់ …។ ភាគច្រើនករណីឆ្លងថ្មីគឺពាក់ព័ន្ធនិងវីរុសបំប្លែងថ្មីអូមីក្រុង៕ដោយ៖ធីរីណា

រូបថត៖AFP/TTXVN


ចែករំលែក៖