ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា(ស.ស.ស.ក) អតីតអ្នកសារព័ត៌មានអាជីពជើងចាស់ ប្រកបដោយ ក្រមសីលធម៌ វិជ្ជាជីវៈ បទសោធន៍ខ្ពស់ ប្រមូល វិភាគ សន្និដ្ឋាន និពន្ធព័ត៌មាន មានគ្រប់ជ្រុងជ្រោយ ប្រៀបបានផលិតផលសម្រេចនោះ គឺលោកបានលើកពីប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អំពីសារព័ត៌មាន នៅមានសុពលភាព៖
១- អ្នកសាព័ត៌មាន គឺត្រូវតែនិយាយការពិត និងទាន់ហេតុការណ៍ ពីព្រោះគ្មានអ្នកណាអានព័ត៌មានផ្អូមទេ។
២- អ្នកសារព័ត៌មាន ត្រូវស្គាល់តួនាទីខ្លួន គឺមិនត្រូវធ្វើខ្លួនជាអ្នកអត្ថាធិប្បាយផង ជាព្រះរាជអាជ្ញា និងជាចៅក្រមផងនោះទេ និងកុំធ្វើការសន្និដ្ឋានបិទផ្លូវ។
៣- អ្នកសារព័ត៌មានត្រូវរៀនអំពីរបៀបសួរសំណួរ។
៤- សារព័ត៌មានល្អ បើមានការថ្លោះធ្លោយ គឺត្រូវតែហ៊ានកែតម្រូវ។
៥- អ្នកសារព័ត៌មាន គឺកុំធ្វើការដោះដូរបំបិទព័ត៌មានជាមួយនឹងលុយកាក់។
៦- សូមបន្តពង្រឹងការបណ្តុះបណ្តាលធនធានអ្នកសារព័ត៌មាន។ ចំណុចដែលខ្ញុំ (សម្តេច ហ៊ុន សែន) បានលើកឡើងទាំងអស់នេះ គឺខ្ញុំចង់បានសារព័ត៌មានយើងល្អ ពីព្រោះយើងនៅក្រោមដំបូលជាគ្រួសារតែមួយ។
៧- ខ្ញុំនិងភរិយាសូមជូនពរបងប្អូនអ្នកសារព័ត៌មានទាំងអស់ទទួលជោគជ័យក្នុវិជ្ជាជីវៈដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសយើងឲ្យកាន់តែរីកចម្រើន។
សូមបញ្ជាក់ថា, ប្រសាសន៍សំខាន់ៗខាងលើនេះ ជាពុទ្ធិល្អបំផុត សម្រាប់ អ្នកសារព័ត៌មាន យកមកអនុវត្ត ៕
ដោយ ៖ សុខ ខេមរា