ខេត្តតាកែវ ៖ ជនសង្ស័យម្នាក់ដែលជាអ្នកសារព័ត៌មានត្រូវបានសមត្ថកិច្ចនគរបាលស្រុកបាទីធ្វើការឃាត់ខ្លួនខណៈដែលជននេះលួចយកទូរស័ព្ទដៃរបស់ជនរងគ្រោះដែលដាក់នៅក្នុងហោប៉ៅម៉ូតូក្បែរចង្កូត។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦និង៥០នាទីព្រឹក ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ ស្ថិតនៅត្រង់ចំណុចខាងមុខរោងចក្រវីនតាយ ក្នុងភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ ។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះ លឹម បូរិន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរអ្នកសារពត៌មាន បារមីភ្នំជីសូរ ធីវីអនឡាញ ដែលមានទីលំនៅភូមិត្រពាំងត្រាវ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ បានធ្វើសកម្មភាពលួចយកទូរស័ព្ទដៃ របស់ជនរងគ្រោះ ឈ្មោះ ស៊ីម ផល្លី ភេទស្រី អាយុ៣១ឆ្នាំ មុខរបរកម្មការិនីរោងចក្រ រស់នៅភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តកែវ។ ទូរស័ព្ទដៃម៉ាកអូបប៉ូ ពណ៌ស ជនរងគ្រោះបានទុកនៅក្នុងហោប៉ៅម៉ូតូក្បែរចង្កូតម៉ាកស្គូពី របស់ខ្លួន។
សមត្ថកិច្ចបានបន្តទៀតថា ក្រោយ ធ្វើសកម្មភាពរួច កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបាទីបានឃាត់ខ្លួនជនសង្សយ័នៅត្រង់ចំណុច ខាងមុខរោងចក្រវីនតាយ ស្ថិតនៅភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ រួមជាមួយនឹងវត្ថុតាងយកមកអធិការដ្ឋាននគរបាលស្រុកបាទីដើម្បីចាត់បញ្ជូនបន្តតាមនីតិវិធី៕
ដោយ៖ ស សម